សិល្បៈជាតិ៖ បន្ទាប់​ពី​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​យុវវ័យ​ អ្នក​មេម៉ាយ​ដ៏​ស្រស់​សោភា ពេជ្រ សូលីកា បាន​ចេញ​មក​បង្ហោះ​សារ​ ដ៏​គួរ​ឱ្យ​សង្ស័យ​មួយ​ បាន​ធ្វើ​ឱ្យ​ Newsfeed នៅ​លើ​បណ្ដាញ​សង្គម​ចាប់​ផ្ដើម​ជ្រួល​ច្របល់ ព្រោះ​តែហ្វេន​ៗ​ ​មាន​ការ​ជជែក​វែក​ញែក​ និង​ចែក​រំលែក​យ៉ាង​គគ្រឹក​គគ្រេង​ តើ​​អ្វី​ដែល​តារា​ចម្រៀង​រូប​នេះ​បង្ហោះ​ចង់​សំដៅ​ដល់​រឿង​អ្វី​ ខណៈ​ដែល​មាន​អ្នក​ខ្លះ​បាន​ព្រលយ​ថា​ រឿង​ដែល​អ្នក​នាង​លើក​ឡើង​នេះ​ ទំនង​ជា​មាន​ពាក់ព័ន្ធ​នឹង​កៅអី​របស់​ខ្លួន​ក្នុង​កម្មវិធី​ស្វែង​រក​តារា​ Road 2 The Star 3។ តើ​ការ​សង្ស័យ​របស់​ហ្វេន​នេះ​អាច​ជា​ការ​ពិត​ដែរ​ទេ?

កាល​ពី​ថ្ងៃ​​ទី​២ ខែ​មករា ឆ្នាំ​២០២៤​ អ្នក​នាង​​ ពេជ្រ សូលីកា បាន​បង្ហោះ​សារ​ខ្លី​មួយ​ថា​៖ «ឃើញ​ថា​មាន​ការ​សង្ស័យ​ ឆ្ងល់​ នឹង​សួរ​នាំ​នាង​ខ្ញុំ​ច្រើន​ ចំពោះ​ការ​ប្រ… មួយ​នោះ​ ពេល​ទំនេរ​នាង​ខ្ញុំ​នឹង​ Live សរុប​ជូន» ការ​បង្ហោះ​របស់​អ្នក​នាង​នេះ​បាន​ធ្វើ​ឡើង​ពីរម៉ោង​ក្រោយ​ដែល​ផេក​ផ្លូវការ​ Road to the Star បាន​ចេញ​មក​បង្ហោះ​ Poster បង្ហាញ​សមាសភាព​គណៈកម្មការ​សម្រាប់​រដូវ​កាល​ទី​៣​ ដោយ​បាន​បញ្ជាក់​ថា​តារា​ចម្រៀង​ P-Sand គឺជា​គណៈ​កម្មការ​សម្រាប់​រដូវកាល​ថ្មី​ តែ​បែរ​ជា​មិន​បាន​បញ្ចេញ​សមាសភាព​គណៈកម្មការ​ថ្មី​ ដែល​ជា​នារី​នោះ​ឡើយ ដោយ​ទុក​ឱកាស​ឱ្យ​អ្នក​គាំទ្រ​មើល​ស្រមោល​និង​ទស្សន៍ទាយ​។

ងាក​មក​ អ្នកនាង ​ពេជ្រ សូលីកា វិញ​ មិន​ត្រឹម​តែ​បង្ហោះ​ជា​ Status ប៉ុណ្ណោះទេ អ្នក​ម្ដាយ​កូន​មួយ​បាន​ទាំង​ Comment នូវ​ពាក្យ​ពេចន៍​ខ្លះ​ៗ ដែល​ធ្វើ​ឱ្យ​អ្នក​តាមដាន​មួយ​ចំនួន​កាន់​តែ​យល់​ថា​អ្នក​នាង​ និង​ដៃ​គូចាស់​ គឺ​លោក​ នីកូ ដែល​ជា​បុគ្គល​សំខាន់​ម្នាក់​នៃ​កម្មវិធី​ខាង​លើ​ ទំនង​ជា​មាន​បញ្ហា​រកាំរកូស​នឹង​គ្នា​ ព្រោះ​អ្នក​នាង​បាន​រៀបរាប់​ថា​៖ «កន្លែងការងារណា ធ្លាប់​ឱ្យ​តម្លៃ​យើង យើង​នឹង​ដើរ​ចេញ​ដោយ​ស្ងៀមស្ងាត់ តែបើ​​យើង​ស្ងាត់​ហើយ គេ​នៅ​តែខូច​មាត់​ពី​យើងទៀត ចឹងយើង​កុំ​ស្ងាត់​ ព្រោះ​បណ្ដោយ​យូរទៅ​មិន​បាន​ខូច​ឈ្មោះ​យើង​ទទេ»។ ព្រម​ទាំង​បញ្ចប់​ដោយ​ការ​សរសេរ​យ៉ាង​ខ្លី​ថា​៖ «រឿង​ខ្លះ​បងប្អូន​តាម​អត់ទាន់ទេ ព្រោះ​រឿង​ខ្លះ​គេ​មិន​ដែល​បញ្ចេញ​»។

បញ្ហា​ដ៏​រស៊ើប​នេះ​កំពុង​ត្រូវ​បា​ន​អ្នក​គាំទ្រ​និង​សាធារណជន​ យក​ចិត្ត​ទុក​ដាក់​និង​តាម​ដាន​ ព្រោះ​កន្លង​មក​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ លោក នីកូ និង​អ្នក​នាង​ ពេជ្រ សូលីកា គឺជា​ដៃ​គូ​ដ៏​ស័ក្ដិសម​ ហើយ​ក៏​ជា​មិត្តភក្ដិជិត​ស្និទ្ធិ​នឹង​គ្នា​ផង​ដែរ​ ដូច្នេះ​​អ្នក​ខ្លះ​នៅ​មិន​ទាន់​ជឿ​ទាំងស្រុង​ឡើយ​ ដោយ​គេ​យល់​ថា​វា​អាច​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ ដើម្បីទាញ​​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន ឱ្យ​ចាប់​អារម្មណ៍​កម្មវិធីនៅ​រដូវកាល​​ថ្មី​។ ខណៈ​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​ នឹង​រង់ចាំ​មើល​ការ​បញ្ចេញ​មុខ​គណៈ​កម្មការ​នៅ​ថ្ងៃ​ទី​៣ ខែ​មករា​​ បើ​សិន​ជា​អ្នក​នាង​ ពេជ្រ សូលីកា ដដែល​អាច​គឺជា​រឿង​ទីផ្សារ តែបើ​ប្ដូរ​ជា​អ្នក​ថ្មី ករណី​ចម្រូងចម្រាស​គ្នា​អាច​​នឹង​​ជា​ការ​ពិត​​​ក៏​ថាបាន​។

យ៉ាង​ណា​មិញ​ចំពោះ​ករណី​នេះ​ សារព័ត៌មាន​ត្រយង​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​អ្នក​នាង​ ពេជ្រ សូលីកា ដើម្បី​សុំ​ការ​បំភ្លឺ​ ប៉ុន្តែ​លេខ​ទូរស័ព្ទ​របស់​អ្នក​នាង​ មិន​អាច​ទំនាក់ទំនង​បាន​ ចំណែក​ភាគី​លោក​នីកូ លេខ​ទូរស័ព្ទ​លោក​កំពុង​ជាប់​រវល់​រហូត​។

គួរ​ដឹង​ដែរ​ថា​ អ្នក​នាង​ ពេជ្រ សូលីកា មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ និង​តា​រា​សម្ដែង​ដ៏​ល្បីល្បាញ​នោះ​ទេ ព្រោះ​នៅ​ខណៈ​ដែល​អ្នក​​នាង​ ចូលរួម​ជា​គណៈ​កម្មការ​នៃ​កម្មវិធី​ Road To The Star 2 ​អ្នក​នាង​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​នៃ​កម្មវិធី​ប្រកួត​​មួយ​នេះ​ ដោយ​មតិ​ជា​ច្រើន​យល់​ស្រប​ដូច​គ្នា​ថា បើ​ទោះជា​អ្នក​នាង​នៅ​វ័យក្មេង​ ប៉ុន្តែ​អ្នក​នាង​​ធ្វើ​បាន​​យ៉ាង​ល្អ​​ក្នុងឋានៈ​ជា​គណៈ​កម្មការ​មួយ​រូប​៕

Share.