មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង លោក Lee Jae-myung កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់នៅថ្ងៃពុធ នេះ បន្ទាប់ពីមានការវាយប្រហារដោយកាំបិតមកលើរូបលោក និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មេដឹកនាំនយោបាយដែលកំពុងប្រជែងដណ្តើមយកតំណែងធំ នៅក្នុងការបោះឆ្នោតដ៏សំខាន់មួយនៅរយៈពេល ៣ខែទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៣ ខែមករា ឆ្នា២០២៤។

គ្រូពេទ្យវះកាត់បានធ្វើការវះកាត់លើលោក Lee អស់រយៈពេលជាង ២ម៉ោងកាលពីល្ងាចថ្ងៃអង្គារ ដើម្បីព្យាបាលសរសៃឈាមធំមួយនៅកណ្ដាលបំពងករបស់លោក ដែលត្រូវបានកាត់ចេញ នៅពេលដែលអ្នកវាយប្រហារបានចាក់លោកដោយកាំបិតចុងស្រួច។

ទាក់ទិនបញ្ហានេះ មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក Hong Ik-pyo បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាថ្នាក់ដឹកនាំគណបក្សថា «អំពើភេរវកម្មប្រឆាំងនឹងលោកប្រធាន Lee Jae-myung គឺជាបញ្ហាប្រឈមប្រឆាំងនឹង ការគំរាមកំហែងលទ្ធិប្រជាធិបតេយ្យ»។

លោក Hong Ik-pyo បានជំរុញឱ្យមានការស៊ើបអង្កេតឱ្យបានលឿន និងបង្កើនសុវត្ថិភាពឱ្យកាន់តែតឹងរ៉ឹង សម្រាប់ឥស្សរជននយោបាយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយបានចោទសួរសំណួរជាថ្មី អំពីសុវត្ថិភាពនៅលើតាមដងផ្លូវយុទ្ធនាការនៅក្នុងប្រទេសដែលមានប្រវត្តិនៃអំពើហិង្សានយោបាយ បើទោះបីជាមានការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើការកាន់កាប់ និងប្រើប្រាស់កាំភ្លើងក៏ដោយ។

ស្របពេលនោះដែរ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យដែលជាសាក្សីនៅកន្លែងកើតហេតុនៃការចាក់សម្លាប់បាននិយាយថា «ឧបទ្ទវហេតុនេះបង្ហាញយ៉ាងច្បាស់ពីតម្រូវការសម្រាប់ការការពារសន្តិសុខដ៏រឹងមាំ និងប្រកបដោយវិជ្ជាជីវៈសម្រាប់មេដឹកនាំនយោបាយ មិនមែនគ្រាន់តែជាប៉ូលិសដែលត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យនោះទេ។ មនុស្សដូចជាមេដឹកនាំប្រឆាំងពិតជាត្រូវការការការពារពីសុវត្ថិភាពផ្ទាល់ខ្លួន»។
យ៉ាងណាក៏ដោយ ក្រោយកើតឧប្បត្តិហេតុនេះ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានចេញមកថ្កោលទោសរាល់អំពើហឹង្សាប្រឆាំងនឹងឥស្សរជននយោបាយដែរ។

គួរជម្រាបថា លោក Lee បានចាញ់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០២២ ដោយលោកបាននិងកំពុងប្រមូលផ្តុំ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដើម្បីស្វែងរកសំឡេងគាំទ្រភាគច្រើនក្នុងសភាដែលខ្លួនកាន់កាប់ សម្រាប់ប្រឆាំង និងដណ្ដើមការកាន់កាប់តំណែងជាប្រធានាធិបតី ពីក្រុមអភិរក្សរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន គឺលោក Yoon Suk Yeol ។
សូមជម្រាបថា កូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតដ៏សំខាន់មួយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដែលគណបក្សអភិរក្សនឹងព្យាយាមយកឈ្នះសំឡេងភាគច្រើនមកវិញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦ និងជួយគោលនយោបាយគាំទ្រអាជីវកម្មរបស់ លោក Yoon រួមមានទាំងការកាត់បន្ថយពន្ធ និយតកម្ម និងកំណែទម្រង់សង្គមផងដែរ៕

