សម្តេចធិបតីនាយករដ្ឋមន្ត្រី  នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩  ខែមករា  ខាងមុខនេះ  តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី  អេម៉ានុយអែល ម៉ាក្រុង។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែតតាមរយៈ  បណ្តាញសង្គមតេឡេក្រាមរបស់សម្តេចនៅព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០២៤នេះ។

តាមរយៈបណ្តាញសង្គមនោះដែរ សម្តេចនាយករដ្ឋមន្ត្រីថែមទាំងបានបង្ហាញលិខិតអញ្ជើញជាផ្លូវការរបស់លោកប្រធានាធិបតីបារាំងផងដែរ។

យោងតាមខ្លឹមសារលិខិតរបស់លោកប្រធានាធិបតីបារាំងដែលត្រូវបានបកប្រែក្រៅផ្លូវការបញ្ជាក់យ៉ាងដូច្នេះថា ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៅប៉ារីសកាលពីខែមុនបានរំឭកឡើងវិញនូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករាខាងមុខ។

ទស្សនកិច្ចជាលើកទីមួយនេះនៅប្រទេសបារាំង តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។

លោកបញ្ជាក់ទៀតថា ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។

សូមរំលឹកដែរថា នៅមុនដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលជាលើកទី១ទៅកាន់ប្រទេសបារាំងបន្ទាប់ពីសម្តេចកាន់តំណែងជានាយករដ្ឋមន្ត្រីនេះ តបតាមការយាងរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង, ព្រះ​ករុ​ណា​​​​ជា​អម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យស្តេចយាង​បំពេញព្រះ​រាជ​​ទស្សន​កិច្ចទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៣កន្លងទៅនេះ។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាជា​អម្ចាស់​ជីវិត​តម្កល់លើត្បូងទៅកាន់ប្រទេសបារាំងនាពេលនោះ មានព្រះរាជបេសកកម្ម​ពិសេស​ចំនួនពីរ រួមមាន៖ ទី១) ការយាងបំពេញព្រះរាជទស្សនកិច្ចនៅបារាំង ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង, ទី២) យាងចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយ ដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ។

បន្ទាប់ពីយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ព្រះមហាក្សត្រខ្មែរស្តេចយាងជួបសវនាការជាមួយលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ។

ក្នុងព្រះរាជជំនួបសវនាការនោះ លោកប្រធានាធិបតីបារាំង បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុង ការ​បន្ត​ជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយ​ដល់​ការបណ្ដុះបណ្ដាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការ​ជំងឺឆ្លង​ពីសត្វ​ទៅ​មនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្ប​និម្មិត​នៅក្នុងវិស័យនេះ។

លោកប្រធានាធិបតីបារាំង បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំង​ក្នុង​ការ​ជួយដល់វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីកសារ​មនី្ទរ​ជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុ ធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេស​បារាំង ជាមួយវត្ថុបុរាណមួយចំនួនទៀត។

លោកប្រធានាធិបតី បានចាត់ទុកថា​ ជោគជ័យនៃយន្តការអន្តររដ្ឋាភិបាល​ស្តីពីការ​អភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។

ក្នុងព្រះរាជសវនាការនោះ លោកប្រធានាធិបតីបារាំង សូមយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅទីក្រុងប៉ារីស នាថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៤។ចំណែកព្រះករុណា ព្រះមហាក្សត្រក៏បានអញ្ជើញ លោក​ប្រធានាធិបតីបារាំង និង លោកជំទាវចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់​កូហ្វូនី​លើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជាផងដែរ។ លោកប្រធានាធិបតី បានបញ្ជាក់​នូវសេចក្តីរីករាយក្នុងការចូលរួម។

នាពេលកន្លងមក សម្តេ​ចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានកោតសរសើរចំពោះ លោកប្រធានាធិបតី ម៉ាក្រុង ដែលមានឥរិយាបទគួរឱ្យគោរព។សម្តេចថែមទាំងបានអះអាងថា រវាងសម្តេច និងប្រធានាធីបតីបារាំង មានលេខទូរសព្ទឆ្លើយឆ្លងគ្នាថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងប្រធានាធិបតីបារាំង ឱ្យលេខទូរស័ព្ទទាក់ទងគ្នាផ្ទាល់ និងបង្កើនកម្រិតស្និទ្ធស្នាល លើសពីទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ដោយក្លាយជាមិត្តភក្តិបងប្អូននឹងគ្នា។ សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ពីប្រធានាធិបតីបារាំង ចំពោះការទម្លាយនូវទំនាក់ទំនងរវាងសម្តេច និងលោកប្រធានាធិបតី។

លោក ​ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាធ្លាប់បានមានប្រសាសន៍នាពេលកន្លងមកថា ទំនាក់ទំនងរវាង កម្ពុជា-បារាំង មិនត្រឹម​តែមានតាំងពីយូរលង់ប៉ុណ្ណោះទេ តែថែមទាំងជាទំនាក់ទំនងប្រកបដោយទំនុកចិត្ត និង​គ្មានជម្លោះ​ដែលបង្កឡើងដោយការចងចាំពីអតីតកាលថែមទៀតផង។ការបញ្ជាក់របស់ លោក ​ហ្សាក់ ប៉ឺឡេ(Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នេះធ្វើឡើងក្នុង​ ទិវា​បុណ្យជាតិបារាំង ថ្ងៃទី១៤ ខែកក្កដា ដែលត្រូវបានរៀបចំឡើងនៅស្ថាន​ទូតបារាំងប្រចាំកម្ពុជាអមដោយពិធីសម្ពោធ«វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាម​លោកលើក​ទី​១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ​១៩១៨» ដែលត្រូវបានកម្ពុជាសាងសង់ឡើងវិញ នៅឧទ្យានឡេអូប៉ូល សេដា សេនហ្គ័រ សួន​​ច្បារមុខស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​។

បន្ទាប់ពីបានធ្វើជាអាណាព្យាបាលនិងដាក់អាណានិគមនៅកម្ពុជាអស់រយៈពេល៩០ឆ្នាំរួចមកពោលគឺចាប់ពីឆ្នាំ១៨៦៣ បារាំងបានយល់ព្រមប្រគល់ឯករាជ្យពេញបរិបូរណ៍ដល់កម្ពុជាវិញនៅឆ្នាំ១៩៥៣បន្ទាប់ពីការទាមទាររបស់ព្រះករុណាព្រះបរមរតនកោដ្ឋនសម្តេចព្រះនរោត្តមសីហនុ៕

Share.