ក្រុមអ្នកស៊ើបអង្កេតជប៉ុន នៅថ្ងៃពុធ សប្ដាហ៍នេះ បានស៊ើបអង្កេតពីការបុកគ្នារវាងយន្តហោះឆ្មាំឆ្នេរសមុទ្រ និងយន្តហោះដឹកអ្នកដំណើរ នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ដែលនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បាននិយាយថា យន្ដហោះត្រូវបានអនុញ្ញាតឱ្យចុះចត និងចុះចតសុវត្ថិភាពមុនពេលជួបឧប្បត្តិហេតុបុកផ្ទុះឆេះនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។

នៅពេលសួរនៅក្នុងសន្និសីទខ្លីមួយកាលពីយប់ថ្ងៃអង្គារថា តើជើងហោះហើររបស់ Japan Airlines បានទទួលការអនុញ្ញាតឱ្យចុះចតពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដែរឬទេ មន្ត្រីនៅក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយនេះ បាននិយាយថា «យើងទទួលបានការអនុញ្ញាតឱ្យចុះចត»។

ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ JAL និងក្រសួងដែនដីបានបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់រវាងអ្នកត្រួតពិនិត្យការហោះហើរ និងអ្នកបញ្ជាយន្តហោះទាំង២ទេ ដោយលើកឡើងពីការស៊ើបអង្កេតដែលកំពុងបន្ត។

សូមជម្រាបថា ក្នុងឧប្បត្តិហេតុនេះ មនុស្ស ៥នាក់ ក្នុងចំណោមមនុស្ស ៦នាក់នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្រដែលមានតួនាទីដឹកជំនួយទៅកាន់តំបន់រញ្ជួយដី បានបញ្ជាក់ថា ស្លាប់ ខណៈមនុស្សម្នាក់ទៀតដែលជាអ្នកបើកបានរបួសធ្ងន់ធ្ងរ ប៉ុន្តែអ្នកដំណើរ និងនាវិកទាំងអស់របស់យន្ដហោះ Japan Airlines ចំនួន ៣៧៩នាក់បានរត់គេចខ្លួនទៅកាន់កន្លែងសុវត្ថិភាពនៅពេលយន្តហោះនោះត្រូវបានឆាបឆេះក្នុងអណ្តាតភ្លើងកាលពីល្ងាចថ្ងៃអង្គារ៕

