ភ្នំពេញ៖ អ្នកនាំអង្គភាពប្រឆាំងអំពើពុករលួយប្រាប់សារព័ត៌មានត្រយងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះថា ព័ត៌មានជុំវិញការចាប់ឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែបនិងនាយករដ្ឋបាលសាលាក្រុងកែបមួយរូបទៀត មកទល់ពេលនេះនៅពុំទាន់អាចបញ្ជាក់ព័ត៌មានបានជាផ្លូវការនៅឡើយនោះទេ។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា រាល់ការចេញផ្សាយព័ត៌មានទាក់ទងការឃាត់ខ្លួនមន្រ្តីខាងលើនេះ គឺពុំមែនចេញពីអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយ ហើយលោកថា បើសិនមានព័ត៌មានច្បាស់ការនោះអង្គភាពនឹងចេញផ្សាយជាសាធារណៈនៅទំព័រហ្វេសប៊ុកផ្លូវការ។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ។រូបភាពពីបណ្តាសារព័ត៌មានក្នុងស្រុក។
សូមជម្រាបកាលពីថ្ងៃទី២ ខែមករា ម្សិលមិញមានផ្សព្វផ្សាយព័ត៌មានយ៉ាងព្រោងព្រាតថា មានកម្លាំងខាងអង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែប ម្នាក់ទៀត ។ ការឃាត់ខ្លួននេះ នៅទីតាំងសាលាក្រុងកែបតែម្តង បន្ទាប់ពីចប់កិច្ចប្រជុំនៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

លោក ខេង យ័ន អភិបាលក្រុងកែប ។
សារព័ត៌មានត្រយងបានព្យាយាមសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យសាលាខេត្តកែប តែលោកថាជាប់ប្រជុំនៅព្រឹកថ្ងៃទី០៣ ខែមករា នេះ។
តែយ៉ាងប្រភពក្រៅផ្លូវការដែលស្និតជាមួយអ្នកទាំងពីរប្រាប់ថា ពិតជាមានការឃាត់ខ្លួន ដោយកម្លាំងខាងអង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែប មកស្តាប់ចម្លើយនៅអង្គភាពប្រឆាំងអំពើពុករលួយ នៅរាជធានីភ្នំពេញ ថែមទៀតផង។ តែយ៉ាងរឿងនេះ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ នៅតែអះអាងដដែលថា ជាដំណឹងមិនផ្លូវការ៕
