ស្របពេលដែលប្រទេសជប៉ុនកំពុងរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នៅដើមឆ្នាំ២០២៤នេះ ក៏ស្រាប់តែមានហេតុការណ៍ផ្ទុះឆេះយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ដឹកអ្នកដំណើរ និងសមាជិកអាកាសយានិកសរុប ៣៧៩នាក់ កាលពីថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ ដែរ។
ចុចអាន៖ អាកាសយានិកឆ្មាំសមុទ្រ ៥នាក់ស្លា.ប់ ក្នុងហេតុការណ៍បុ.កផ្ទុះ.ឆេះជាមួយយន្ដហោះដឹកអ្នកដំណើរជប៉ុន

យោងតាមប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេត ករណីយន្ដហោះដឹកអ្នកដំណើរ និងយន្ដហោះឆ្មាំសមុទ្របុកគ្នានៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ បានបង្ហើបឱ្យដឹងថា យន្ដហោះ Airbus A350 (JL-516) របស់ក្រុមហ៊ុន Japan Airlines គឺជាយន្ដហោះដែលត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសបារាំង ហើយត្រូវបានបំពាក់ដោយម៉ាស៊ីនប្រភេទ Rolls-Royce Trent XWB របស់ចក្រភពអង់គ្លេស។

ចំពោះឧប្បត្តិហេតុនេះ ក្រុមអ្នកជំនាញផ្នែកនីតិកោសល្យវិទ្យាមកពីក្រុមហ៊ុនផលិតយន្ដហោះ Airbus និងទីភ្នាក់ងាររដ្ឋបារាំង BAE រួមទាំងអ្នកជំនាញម៉ាស៊ីនយន្ដហោះ មកពីចក្រភពអង់គ្លេស បាននាំគ្នាមកប្រទេសជប៉ុន ដើម្បីជួយក្រុមអាជ្ញាធរស៊ើបអង្កេតពីករណីគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បានចេញផ្សាយថា អ្នកដំណើរ និងសមាជិកអាកាសយានិកទាំង ៣៧៩នាក់ បានចាកចេញពីយន្ដហោះដោយសុវត្ថិភាព និងមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរ ដោយប្រើពេលត្រឹមតែ ៩០វិនាទីប៉ុណ្ណោះ៕

