ភ្នំពេញ៖ បុរសជនជាតិស្វីសម្នាក់ ដែលបានបើកបរម៉ូតូធំនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឥរិយាបទមិនសមរម្យត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន នាំខ្លួនមកធ្វើការអប់រំណែនាំ ផាកពិន័យ និងចុះកិច្ចសន្យា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។


ការសម្រេចនាំខ្លួនជនបរទេសខាងលើមកធ្វើការអប់រំណែនាំ ផាកពិន័យ និងចុះកិច្ចសន្យានេះ បន្ទាប់ពបុរសខាង លើ បានបើកបរម៉ូតូដោយភាពឆ្គាំឆ្គង ដោយលើកជើងដាក់លើដៃចង្កូត ដែលឥរិយាបថនេះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងផ្ទាល់ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ។
តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា អ្នកបើកបរគ្រប់រូបនៅលើគ្រប់ប្រភេទផ្លូវថ្នល់ នឹងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកម្ពុជាមានអត្រាគ្រោះថ្នាក់ និងអត្រាបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ កាន់តែតិចទៅៗ ស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០ ដែលបានដាក់ចេញ និងផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ៕
