ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ប្រាប់សារព័ត៌មានត្រយងថា គិតត្រឹមម៉ោង១២ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នេះ ពលរដ្ឋខ្មែរដែលស្នាក់នៅតំបន់រងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន ពុំមានអ្នករងគ្រោះ ឬបាត់បង់ជីវិតនោះទេ។ អ្វីជាពិសេសនោះ គឺអាជ្ញាធរបានអនុញ្ញាឱ្យកម្មសិក្សាការីម្នាក់ និងនិស្សិតចំនួន៨នាក់ បានត្រឡប់ទៅស្នាក់នៅទីតាំងដើមរបស់ពួកគេវិញ ខណៈមួយចំនួនទៀតបន្តស្នាក់នៅកន្លែងមានសុវត្ថិភាព ស្របពេលស្ថានភាពបានត្រឡប់មកសភាពដើមវិញជាបណ្តើរៗ។

សិក្សានិស្សិតខ្មែរដែលសិក្សានៅប្រទេសជប៉ុន។

មួយទៀតនោះ ការសិក្សាការីមួយចំនួនក៏កំពុងតែបន្តស្នាក់នៅទីតាំងមានសុវត្ថិភាពផងដែរក្រោមការឃ្លាំមើលរបស់អាជ្ញាធរដោយមានការផ្គត់ផ្គង់ម្ហូបអាហារ ថ្នាំសង្កូវគ្រប់គ្រាន់។

អ្នកនាំពាក្យក្រសួងការងាររូបនេះបន្ថែមថា ចំពោះមុខនេះអាជ្ញាធរកម្ពុជានៅតែបន្តតាមដានស្ថានការណ៍ប្រែប្រួលយ៉ាងយកចិតទុកដាក់ ដោយបានសហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងអនុព័ន្ធការងារក្នុងប្រទេសជប៉ុនដើម្បីសម្រួលជូនដល់ពលរដ្ឋខ្មែរនៅទីនោះ។

សម្រាប់ករណីមានបញ្ហាណាមួយជាយថាហេតុ អ្នកនាំពាក្យក្រសួងការងារសូមលើកទឹកចិត្តដល់ពលរដ្ឋខ្មែររបស់នៅប្រទេសជប៉ុនត្រូវសហការរាយការណ៍ជូនស្ថានខ្មែរនៅទីនោះ ឬមកអនុព័ន្ធការងារដើម្បីមានវិធានការជួយជាបន្ទាន់។

ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។

ក្នុងឱកាសនេះអ្នកនាំពាក្យក្រសួងការងារក៏អំពាវនាវដល់សមាជិកគ្រួសារនៅកម្ពុជាដែលមានសាច់ញាតិរបស់នៅជប៉ុន សូមមានអារម្មណ៍ល្អចំពោះសុវត្ថិភាពរបស់បងប្អូនរស់នៅប្រទេសជប៉ុន។

ទាក់ទងពលករជំនាញ កម្មសិក្សាការី និស្សិត ដែលរស់នៅប្រទេសជប៉ុន ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋខ្មែរចំនួន១៦០០នាក់ ដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់មានចំនួន១៦០០នាក់។

សូមរំលឹកថា កាលពីថ្ងៃទី០១ ខែមករា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៦ រ៉ិចទ័របានវាយប្រហារភាគកណ្ដាលនៃប្រទេសជប៉ុន ដោយបានបង្កឱ្យមានមនុស្សស្លាប់កើនដល់៦២នាក់ និងរងរបួសជាច្រើននាក់ ខណៈអគារ ផ្ទះ និងហាងទំនិញមានអាយុជាង ១០០ឆ្នាំជាច្រើនខ្នង ត្រូវបានភ្លើងឆេះបំផ្លាញផងដែរ៕

Share.