ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគបាលខណ្ឌសែនសុខ បានចុះឡោមព័ទ្ធ និងឃាត់ខ្លួនជនជាតិចិន និងវៀតណាមចំនួន៣៧នាក់ បន្ទាប់ពីបានធ្វើសកម្មភាពចាក់ទៅលើជនជាតិម្នាក់ បណ្តាលឱ្យស្លាប់ ស្ថិតនៅចំណុចទល់មុខអគារប៊ូយ៉ុងលើផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣និង ៣០នាទីទាបភ្លឺឈានចូលថ្ងៃទី០៣ ខែមករាឆ្នាំ ២០២៤។

តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានជនជាតិចិនមួយក្រុមមានប្រុស មានស្រី រួមទាំងជនរងគ្រោះផង បានអង្គុយផឹកសុីជួបជុំគ្នាជាធម្មតា និងមានប្រើប្រាស់គ្រឿងញៀនទៀត មួយសន្ទុះក្រោយមកក៏ ភាគីម្ខាងបាននិយាយរឿងខ្ទីលុយ ធ្វើឱ្យកើតជាជម្លោះឈ្លោះប្រកែកគ្នាខ្លាំងៗ រហូតដេញវាយគ្នាប្រតាយប្រតប់ពេញក្នុងអាគារកើតហេតុខាងលើ តាំងពីជាន់ខាងលើរហូតមកដល់ជាន់ផ្ទាល់ដី ខណៈនោះដែរមានបុរសជាជនដៃដល់បានដកកាំបិតចាក់ទៅលើបុរសរងគ្រោះជាជនជាតិចិនម្នាក់ ជាច្រើនកាំបិតឈាមហូពេញខ្លួន ត្រូវបានសាច់ញាតិជនរងគ្រោះដឹកយកទៅសង្រ្គោះ ដោយសារសភាពធ្ងន់ធ្ងរពេកក៏ស្លាប់ក្នុងមន្ទីពេទ្យតែម្តងទៅ ។

ក្រោយកើតហេតុ បុរសជាជនដៃដល់បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ រីឯបក្ខពួកជាច្រើននាក់ទៀតបារត់គេចខ្លួនទៅសំងំនៅជាន់ខាងលើ។ ភ្លាមនោះដែរក៏មាននាក់ប្រចាំការនៅក្នុងអាគារខាងលើរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដឹកនាំដោយលោកហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌ ដឹកនាំកម្លាំងចុះមកឡោមព័ទ្ធ និងឃាត់ខ្លួនជនបរទេសបានចំនួន៣៧ នាក់ នៅក្នុងនោះមានស្ត្រី ៥នាក់ ពីរនាក់ជាជនជាតិវៀតណាម រួមជាមួយវត្ថុតាងដូចជាកាំភ្លើងខ្លីមួយដើម កាំបិតខ្លីមួយ និងវត្ថុតាងផ្សេងៗមួយចំនួនទៀត នាំមកធ្វើការសាកសួរ នឹងបន្តតាមចាប់បុរសជនជាតិចិន ដែលជាជនដៃដល់បានរត់គេចខ្លួនយកមកចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ សេង សាវី

