ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវបានរថយន្តសាំយ៉ុងបើកបុកជាប់អូសជាង២០ម៉ែត្រ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំពូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ខាត់ សារ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើត នៅភូមិពងទឹក ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះចេញពីធ្វើការងារថែមម៉ោង វិលត្រឡប់ទៅផ្ទះជួល ដោយជិះម៉ូតូហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-3979 ធ្វើដំណើរតាមផ្លូវលំពីកើតទៅលិច ឆ្លងផ្លូវ៦០ម៉ែត្រ មិនទាន់ផុតផង ស្រាប់តែរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0554 បើកតាមបណ្តោយផ្លូវ៦០ម៉ែត្រពីជើងទៅត្បូងលឿនជ្រុលបុកម៉ូតូជនរងគ្រោះ អូសជាង២០ម៉ែត្រ រងរបួសធ្ងន់ សន្លប់វង្វេងបាត់ស្មារតី ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ រីឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

