សិល្បៈជាតិ៖ លោក អ៊ិន សុ​ភិន បានបង្ហាញ​វត្តមាន​ជាពិសេស​ក្នុងការ​រៀបចំ​ក្នុង​កម្មវិធី Miss Global នៃ​ការបើក​វគ្គ​បំពាក់​ឈៀង​តំណាង​ប្រទេស​ជា​ផ្លូវការ​ដល់​បេក្ខភាព​ដែល​មកពី ៨២ ប្រទេស​ជុំវិញ​ពិភពលោក។ ដើម្បី​ស្រាយ​ចម្ងល់​អ្នកគាំទ្រ​ចំពោះ​ការ​មន្ទិល​លើ​ការរៀបចំ​កម្មវិធី​នេះ​ឡើង​ទាំងពីរ​ប្រទេស កម្ពុជា និង​វៀតណាម លោក អ៊ិន សុ​ភិន បាន​អះអាងថា យក​បេះដូង​ទៅ​ចរចា​ទាញ​កម្មវិធី Miss Global ពី​ប្រទេស​វៀតណាម​មក​រៀបចំ​នៅ​កម្ពុជា គឺ​ដើម្បី​ជំរុញ​វិស័យ​បវរកញ្ញា និង​ទេសចរណ៍​ក្នុងស្រុក ដោយ​មិន​សម្លឹង​ឃើញសូម្បីតែ​អ្នកទ្រទ្រង់​កម្មវិធី។

គួរ​ដឹងថា សម្រាប់​លោក អ៊ិន សុ​ភិន ត្រូវបាន​អ្នកគាំទ្រ​សម្លឹង​ឃើញថា លោក​ជា​បុគ្គល​ដែលមាន​បទពិសោធន៍ និង តិច​និក​ក្នុងការ​បញ្ជូន​បវរកញ្ញា​ឱ្យ​តំណាង​ប្រទេស​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ និង​ជាប់​ឈ្មោះ​ជា​អ្នករៀបចំ​កម្មវិធី​ដែលមាន​ភ្នែក​មុត យល់ច្បាស់​ក្នុងការ​ជ្រើសរើស​បេក្ខភាព​តំណាង​ប្រទេស​ពិតជា​ស័​ក្ដ​សម​នៅក្នុង​កម្ម​វី​ធី​ដែល​គេ​តម្រូវ ហើយ​បេក្ខភាព​ខ្លះ​ដែល​លោក​បញ្ជូនទៅ​ក៏មាន​ប្រវត្តិ​ធ្លាប់​ចូលដល់ Top កំពូល​ជាក់ស្ដែង​បេក្ខភាព Missgrand ឆ្នាំ 2020,2021 និង 2022 ហើយ​បើទោះជា​មិន​ទទួលបាន​លទ្ធផល​ល្អ ប៉ុន្តែ​បេ​ក្ខ​នារី​ដែល​លោក​បញ្ជូនទៅ ក៏បាន​សាង​ភាពលេច​ធ្លោ​នៅលើ​ឆាក​អន្តរជាតិ​ជូន​ប្រទេស​មិនតិច​នោះដែរ។

សូមជម្រាបថា នៅក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះដែរ​ក៏មាន​ការចូលរួម​បំពាក់​ឈៀង​ផ្ទាល់​ដោយ​ម្ចាស់​មកុដ Miss Global 2022 កញ្ញា Shane Tormes រួមទាំង កញ្ញា ច​ន សុទី​ម៉ា Miss Universe Cambodia ចូលរួម​ជា​គណកម្មការ និង​វត្តមាន​បវរកញ្ញា​មកពី​ប្រទេសផ្សេងៗជាច្រើនរូប​ទៀត។ ដើម្បី​តាមដាន​សកម្មភាព​បវរកញ្ញា​នៃ​ការប្រកួត Miss Global កុំ​ភ្លេច Follow  FB Page: Miss Global Organization និង FB Page: Miss Global Cambodia official៕

Share.