សិល្បៈ​ជាតិ​៖ បច្ចុប្បន្ន​នេះ​ វិស័យ​ប្រកួត​សម្រស់​កាន់​តែ​មាន​កា​ររីកចម្រើន​ ហើយ​សន្ទុះ​នៃ​ការ​​គាំទ្រ​ក៏​កាន់​តែ​មាន​កំនើន​កើន​ឡើង​ជា​លំដាប់​ផង​ដែរ។ ដូច្នេះ​ហើយ​ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​អ្នក​រៀបចំ​កម្មវិធី​កម្ពុជា​ បាន​ខិតខំ​ទំនាក់ទំនង​ដើម្បី​នាំ​យក​កម្មវិធី​កម្រិត​ពិភពលោក​ប្លែក​ៗ ​ថ្មីៗ​ និ​ង​ល្បី​ៗ​ ជា​ច្រើន​មក​ផលិត​និង​ប្រកួត​នៅ​ក្នុង​ស្រុក​ដើម្បីជ្រើសរើស​បេក្ខភាពដ៏​មាន​សមត្ថភាព​និង​លេចធ្លោជាងគេ​ទៅ​ដណ្ដើម​មកុដ​ក​លើ​ឆាក​អន្តរជាតិ​។ ជា​ការ​កត់​សម្គាល់​ យុវជន​ជំនាន់​ក្រោយ​​មួយ​ភាគ​ធំ​មិន​បាន​ដឹង​ទេ​ថា​តាម​ពិត​កម្ពុជា​ធ្លាប់​បាន​ប្រឡូក​ចូល​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើ​វិស័យ​ប្រកួត​សម្រស់​នេះ​តាំង​ពី​២៥​ឆ្នាំ​មុន​ ពោល​គឺ​តាំង​ពី​ ​ឆ្នាំ​១៩៩៨​ មក​ម្ល៉េះ​។

បើ​យោង​តាម​ការ​លើក​ឡើង​របស់​ម្ចាស់​ផេក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Dark Horse បាន​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​កាល​ពី​រាត្រី​ទី​៣ ខែមករា ឆ្នាំ​២០២៤ បាន​អះអាងថា​កម្ពុជា​បាន​បញ្ជូល​បេក្ខភាព​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​​ដំបូងកាល​ពី​ឆ្នាំ​១៩៩៨ ក្នុង​កម្មវិធី​ Miss Tourism International ដោយ​កាល​ណោះ​បេក្ខភាព​បវរកញ្ញា​ Miss Tourism តំណាង​ប្រទេស​កម្ពុជា​គឺ​កញ្ញា មាស ម៉ារីណែត។ ថ្វី​ត្បិត​​ការ​បង្ហាញ​វត្តមាន​លើ​ឆាក​អន្តរជាតិ​លើក​ទីមួយ​របស់​កម្ពុជា ក្រោយ​ប្រទេស​ជាតិ​ទាំង​មូល​ទទួល​បាន​សុខសន្តិភាព​ ​មិន​ទទួល​បាន​លទ្ធផល​ជោគជ័យ​ ​ឬ​កៅអី​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ប៉ុន្តែ​ការ​បង្ហាញ​សមត្ថភាព​របស់​បេក្ខភាព​កម្ពុជា​គឺ​ធ្វើ​បាន​យ៉ាង​ល្អ​ មិន​ចាញ់​បេក្ខភាព​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​នោះ​ឡើយ​។

កម្មវិធី​ Miss Tourism International ដែល​កម្ពុជា​បាន​បញ្ជូន​បេក្ខភាព​ទៅ​ប្រកួត​នោះ​ បាន​ចាប់​កំណើត​ឡើង​ចាប់​តាំង​ពី​វេលា​នោះ​ ហើយ​កម្មវិធី​មួយ​នេះ​ក៏​ជា​កម្មវិធី​ដែល​ធំ​និង​មាន​អាយុ​កាល​មួយ​ចំណាស់​ជាង​គេ​ ព្រោះ​កន្លងមក​កម្មវិធី​នេះ​មាន​ទាំង​ការ​ជ្រើសតាំង​ និង​ការ​ប្រកួត​ថ្នាក់​ជាតិ​ដើម្បីជ្រើសរើស​បេក្ខភាព​ផង​ដែរ​។

គួរ​ដឹង​ថា​កម្មវិធី​ Miss Tourism Cambodia នេះ​មិន​ត្រឹម​តែ​បាន​ច្នៃ​រក​បេក្ខភាព​ស្រីស្អាត​​ចេញ​ទៅ​ប្រកួត​តំណាង​ប្រទេសប៉ុណ្ណោះទេ ថែម​ទាំង​ត្រួសត្រាយ​ផ្លូវ​ឱ្យ​បេក្ខនារី​ដែល​មាន​រូប​សម្រស់ស្រស់​​ស្អាត ​និង​មានដុង​សិល្បៈ​បាន​​បោះ​ជំហាន​ចូល​ក្នុង​វិស័យ​មួយ​នេះ​ជា​ច្រើន​រូប​ផង​ដែរ​៕

ទស្សនា​ព័ត៌មាន​ជា​វីដេអូ​ខាង​ក្រោម៖

Share.