ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានកំណត់អាណត្តិការងាររបស់នាយនិងនាយរងប៉ុស្តិ៍នរគបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិបម្រើការងាររយៈពេលចំនួន៤ឆ្នាំ និងបានកំណត់ចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិផងដែរ។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ៦០៧៥ ប្រ ក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដែលសារព័ត៌មានត្រយងទើបទទួលបាន។



ប្រការ១ នៃប្រកាសខាងលើ ក៏បានកំណត់ចំពោះនាយនិងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារដែលចប់អាណត្តិផងដែរ គឺត្រូវតែងតាំងមុខតំណែងថ្មី ឬតែងតាំងជានាយ ឬនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារផ្សេងទៀត សម្រាប់អាណត្តិបន្ទាប់។
ចំណែកប្រការ២ នៃប្រកាសនេះ បានបង្ហាញចំនួនប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារកំពង់ផែនអន្តរជាតិសរុបមានចំនួន ២៧ ទីតាំង។សម្រាប់ចំនួននាយរងប៉ុស្តិ៍មានចន្លោះច្រើនបំផុតត្រឹម ២៤នាក់ប៉ុណ្ណោះ និងតិចបំផុតមានចំនួន ៤នាក់។
តែប្រការ៣ ចែងថា ចំនួនមុខតំណែងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ដែលលើសពីការ កំណត់ដូចមានចែងក្នុងប្រការ២ខាងលើ ត្រូវរក្សាទុកនៅដដែល។ ក្នុងករណីមុខតំណែងនេះនៅទំនេរ ដោយមូលហេតុចូលនិវត្តន៍ ឬផ្ទេរចេញ ឬមូលហេតុផ្សេងទៀត នោះមិនត្រូវបានបំពេញបន្ថែមឡើយ ដោយរក្សាទុក រហូតដល់មានចំនួនស្ថិតនៅក្រោមការកំណត់ដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ។
ជាការកត់សម្គាល់ ប្រកាសស្តីពីកំណត់អាណត្តិនិងចំនួននាយនិងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែននេះកើតឡើង បន្ទាប់ពីសារព័ត៌មានមួយចំនួនបានផ្សាយរិះគន់ពីចំនួនរបស់មន្រ្តីនាយរងប៉ុស្តិ៍នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិមានច្រើនលើសលប់។
សារព័ត៌មានត្រយងព្យាយាមសុំការពន្យល់បន្ថែមលើរឿងទៅកាន់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ៕
