មួយ​រយៈ​កន្លង​មក​ហើយ​ដែល​អ្នក​គាំទ្រ​របស់​កំពូល​តា​រា​ចម្រៀង​និង​ជា​ Judge នៃ​កម្មវិធី​ Beat the Best រដូវ​កាល​ទីពីរ មើល​ឃើញ​ថា​ អ្នក​នាង​ ពេជ្រ សោភា តែងតែ​ចេញ​មក​បង្ហោះ​នូវ​ខ្លឹមសារ​ប្លែក​ៗ​ដែល​បង្ហាញ​ពី​ការ​ឈឺចាប់​ ព្រាត់​ប្រាស់​ស្នេហា និង​ការផិត​ក្បត់​ ប៉ុន្តែ​អ្នក​គាំទ្រ​ខ្លះយល់​ថា​ តារាស្រី​រូប​នេះ​ទំនង​ជា​បង្ហោះ​ខ្លឹមសារ​ចម្រៀង​ថ្មី​ៗដែល​នឹង​ត្រៀម​ចេញ​របស់​ខ្លួន​ ដើម្បី​ទាញ​យក​ការ​តាម​ដាន​ពី​សំណាក់​ហ្វេន​របស់ខ្លួន​ប៉ុណ្ណោះ​។

ប៉ុន្តែ​រឿង​រ៉ាវកាន់​តែ​ក្ដៅ​ឡើង​នៅពេល​ដែល​គូ​ដណ្ដឹង​របស់​អ្នក​នាង​ ពេជ្រ សោភា គឺ​លោក ឆឹម សក្កដា កាល​ពី​រាត្រី​ទី​៣ ខែមករា ឆ្នាំ​២០២៤ ​កន្លង​ទៅ​ បាន​ទម្លាក់​ Status ព្រម​ជាមួយ​នឹង​រូបថត​អៀវក​ កញ្ញា​ អឿន រ៉ូហ្សា ភ្ជាប់​​សារដ៏​ស៊ីជម្រៅ​មួយ​ថា​៖ «ស្គាល់គ្នាបីឆ្នាំ តែបងនឹងចងចាំអូនអស់មួយជីវិត❤️ ដោយ​មាន​ hashtag #sacrifice #ពលីកម្ម» រហូត​ធ្វើ​ឱ្យ​មាន​ហ្វេន​ដែល​ជា​អ្នក​គាំទ្រ​គូ​ស្នេហ៍​ សក្កដា-សោភា បាន​បញ្ចេញមតិ​​ខក​ចិត្ត​ ដោយ​មាន​អ្នក​ខ្លះ​បាន​ទាំងប្រើ​សម្ដី​ដៀល​លោក​ ឆឹម សក្កដា ថា​ជា​ប្រុស​ព្រាន ឬ​បុរស​ក្បត់​ចិត្ត​ជា​ដើម​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ក្នុង​ចំណោម​​អ្នក​មិន​ពេញ​ចិត្ត​ ក៏​មាន​អ្នក​ចេញ​មក​ការពារ​ ដោយ​បាន​បកស្រាយ​​និង​ឆ្លើយតប​ថា​នោះ​វា​គ្រាន់​តែជា​រូប​ភាព​ និង​ខ្លឹម​សារ​ចេញ​ពី​ MV ចម្រៀង​ដែល​លោក​ សក្កដា និង​កញ្ញា រ៉ូហ្សា សម្ដែង​ជាមួយ​នឹង​គ្នា​ប៉ុណ្ណោះ​ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ​។

ត្រយង​សូម​ស្រង់​នូវ​ខ្លឹម​សារ​ខ្លះ​ៗ​មក​បង្ហាញ​ជូន​ដូច​តទៅ​៖ «ម៉េច​ពូ​ដាធ្វើ​ចឹង ខកចិត្ត, ឈឺចាប់ជំនួស​,សេដបាត់,ឆាអាប្រុសព្រាន​ចៀន​អាប្រុស​ក្បត់, សង្ឃឹមថា​នេះ​ជា​អត្ថន័យ​ក្នុង​សាច់រឿងទៅចុះ,ចុះចែភា ម៉េចក៏ធ្វើ​ចឹង​ដាក់ចែភា, កុំ​យល់ច្រឡំអី​នេះ​ជាការ​សម្ដែង​ទេ,ម្នាក់ៗ​កើត​អី? គាត់ថត MV តើ ម៉េច Toxic ម៉េស? ហើយ​រឿង​ជីវិត​ប្ដីប្រពន្ធ​ក្ដីសុខ​នៅ​លើ​មាត់​អ្នក​រាល់​គ្នា​មែនទេ? មិនមែន​គាត់​ជា​អ្នក​ជ្រើសរើស​ទេឬ​?»

តែ​បើ​យើង​ត្រលប់មក​ចាប់​អារម្មណ៍​ Status របស់​អ្នក​នាង​ ពេជ្រ សោភា ដែល​បាន​បង្ហោះ​នៅ​ប្រមាណ​ ២​ម៉ោង​ក្រោយ​លោក​ ឆឹម​ សក្កដា បង្ហោះ​ នៅ​រាត្រី​ជាមួយ​គ្នា​នោះ​ អ្នក​នាង​បាន​រៀបរាប់​ថា​៖ «មនុស្ស​ប្រុស​មួយ​ចំនួន​តូច​ហេតុអ្វី​លេង​សើច​នឹង​អារម្មណ៍​មនុស្ស​ស្រី​ម្នាក់​ម្ល៉េះ​ ដឹង​ទេថា​អារម្មណ៍​ដែល​ត្រូវ​គេ​ក្បត់​វា​ឈឺ​ណាស់​ វាដង្ហក់​ វា​ចុក វា​ឈឺ​ វា​ក្ដៅ​ អារម្មណ៍​​ញ័រពេញ​ខ្លួន​ មើល​កញ្ចក់​អាណិត​ខ្លួន​ឯង​ សួរ​ខ្លួន​ឯង​តើខ្ញុំ​អន់​កន្លែងណា​? ខ្ញុំ​ឈឺណាស់»​។ សំនេរ​របស់​អ្នក​នាង​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចូល​មក​គាំទ្រ​និង​លើក​ទឹក​ចិត្ត​អ្នក​នាង​ គ្រប់​ៗ​គ្នា ដោយ​បាន​សុំឱ្យ​អ្នក​នាង​មាន​ការ​រឹងមាំ​ កុំ​ខូច​ចិត្ត​ជា​ដើម​។

មែនទែន​ទៅ​គេ​សង្កេត​ឃើញ​ថា​មួយ​រយៈ​ហើយ​ដែលអ្នក​គាំទ្រគូស្នេហ៍​ទាំង​ពីរ​ ​ខកខាន​បាន​ឃើញ​ការ​បង្ហោះ​សារ​ផ្អែម​ល្ហែម​ និង​រូបភាព​ស្វីតៗ​រវាង​តារា​ទាំង​ពីរ​ដួង​នេះ ជាង​នោះ​ទៀត​ ​អ្នក​នាង​ ពេជ្រ សោភា ថែមទាំង​ឧស្សាហ៍​បង្ហោះ​សារ​ប្លែកៗ​ នាំ​ឱ្យ​មាន​ការ​សង្ស័យ​ ដូច​ជា​កាល​ពី​អំឡុង​ជិត​ដាច់​ឆ្នាំ​ ២០២៣ អ្នក​នាង​បាន​សរសេរថា​៖ «នៅ​ក្នុង​ឆ្នាំ​នេះ​ តើ​ថ្ងៃ​ណា​ដែល​អ្នក​យំ​ខ្លាំង​ជាង​គេ​បំផុត​ ហើយ​ឈឺចាប់​ជាង​គេ​បំផុត​?» ដោយ​សារ​នេះ​គឺជា​ដើម​ចម​ដំបូង​ដែល​ធ្វើ​ឱ្យ​អ្នក​តាម​ដាន​សន្និដ្ឋាន​ថា​ចំណង​ស្នេហ៍​រវាង​អ្នក​នាង​និង​លោក​ ឆឹម សក្កដា ទំន​ង​ជា​រង្គោះរង្គើ​ ព្រោះ​ភាគី​លោក​ ឆឹម សក្កដា ក៏​បាន​បង្ហោះ​សារមួយភ្លាមៗ​ដែរ ​ដែល​ទំនង​ជា​ឆ្លើយ​តបនិង​កាត់​ផ្ដាច់​ចម្ងល់​របស់​មហាជនកុំ​ឱ្យ​សាកសួរ​លោក​ច្រើន​ថា​ ៖ «ខ្ញុំ​ជឿថា​នៅ​មាន​មនុស្ស​ជាច្រើន​ដែល​ចេះគិត​ ប្រកបដោយ​វិចារណញ្ញាណ​! ខ្ញុំ​សុំ​មិន​បកស្រាយ​អ្វីទាំង​អស់​ ឈប់សួរ​ ខ្ញុំទៀត​ទៅ​»។

មែនទែន​ទៅ​ អ្នក​នៅ​ក្នុង​ពិភពលោក​សិល្បៈ​មួយ​ចំនួន​បាន​ដឹង​ថា​កញ្ញា​ អឿន រ៉ូហ្សា មាន​អ្នក​ថែបេះដូង​រួច​ហើយ​ ហើយ​រូប​ភាព​ដែល​បាន​បង្ហោះ​នោះ​ក៏​ជា​រូប​ភាព​ដកស្រង់ចេញ​ពី​ក្នុង​ការ​សម្ដែង​រវាង​ លោក សក្កដា និង​កញ្ញា រ៉ូហ្សា ស្ដីពីសាច់រឿង​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត​ដែរ ដូច្នេះ​អ្នក​ដែល​ជិត​ស្និទ្ធិ​​ហាក់​មិន​សង្ស័យ​ចំពោះ​មិត្តភាពរវាង​អ្នក​ទាំ​ងពីរ​នោះ​ឡើយ​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ គ្រប់​យ៉ាង​ដែល​លើក​ឡើង​ គឺគ្រាន់​តែជាការ​សង្ស័យ និង​​ការ​វែកញែក​ពី​សំណាក់មហាជន និង​អ្នក​តាមដាន​ប៉ុណ្ណោះ តែ​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​អះអាង​ទេថា​ ចំណង​ស្នេហ៍​ដ៏​ស្អិតល្មួត​រវាង​អ្នក​នាង​ ពេជ្រ សោភា និង​គូដណ្ដឹង លោក​ ឆឹម សក្កដា ពិត​ជា​ដើរ​ដល់​ផ្លូវ​បំបែក​មែនឬអត់? ដរាប​ណា​គ្មាន​ការ​បញ្ជាក់​អះអាងចេញ​ពី​បបូរមាត់​របស់​សាមីខ្លួន​ទាំង​ពីរ​រូប​៕

ទស្សនាវីដេអូព័ត៌មាន​ខាងក្រោម៖

Share.