ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ជើងស្តាំ បន្ទាប់ពីបើកម៉ូតូសណ្តោងរុឺម៉កដឹកទឹកកក គេចពីរថយន្តខាងមុខ ជ្រុលទៅបុកផ្ទប់ពីមុខរថយន្តហាយឡែនឌ័រ កំពុងបើកច្រាសទិស រងខូចខាតខ្ទេចមុខរថយន្ត ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ ភាគីខាងម៉ូតូសណ្តោងរុឺម៉កដឹកទឹកកក បើកបរដោយបុរសម្នាក់ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ គេចពីរថយន្តនៅខាងមុខ បែជាជ្រុលទៅបុកផ្ទប់ពីមុខ រថយន្តហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-1697 ដែលបើកពីលិចទៅកើត ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើករុឺម៉ករងរបួសបាក់ជើងស្តាំ រថយន្តរងខូចខាតខ្ទេចផ្នែកខាងមុខ ។

ជនរងគ្រោះរបួសធ្ងន់ម្នាក់ ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូយកទៅពេទ្យ ចំណែករថយន្តនិងម៉ូតូ ត្រូវបានភាគីសងខាងសុំធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រុឺម៉កជួយចេញថ្លៃជួសជុលរថយន្តចំនួន៣០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ តាតុងសែនជ័យ

Share.