សិល្បៈជាតិ៖ ថ្មីៗនេះមានការចាប់អារម្មណ៍ និងហួសចិត្តយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម ក្រោយអ្នកលក់អនឡាញន៍ម្នាក់ចេញមកតាំងខ្លួនជាព្រះនាងឥន្ទ្រទេវីស្នងរូបយាងមកដើម្បីជួយជាតិ និងបង្ហាញក្បាច់រាំកាច់ដៃកាច់ជើងដូចគ្រូចូលសណ្ឋិតនៅប្រាសាទព្រះខ័ន។ ហេតុការណ៍នេះ បានធ្វើឱ្យលោកជំទាវ ចន ច័ន្ទលក្ខិណា អត់ទ្រាំមិនបានចេញមកប្រដៅជាសំណេរនៅលើបណ្ដាញសង្គម ថែមទាំងបានចេញមុខស្នើសុំទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា កោះហៅស្ត្រីរូបនោះទៅណែនាំទៀតផង។


ផ្អែកតាមការបង្ហោះរបស់លោកជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះសារថា «ខ្ញុំសូមស្នើសុំក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រសួងធម្មការ និងសាសនា សូមអញ្ជើញប្អូនស្រីទៅពិគ្រោះយោបល់ផង ព្រោះតាមការឆាតជាមួយខ្ញុំ គាត់កំពុងតែតាំងខ្លួនជាព្រះនាងឥន្ទ្រទេវី យាងមកជួយជាតិ»។
យ៉ាងណាមិញ គេនៅចាំបានថា លោកជំទាវ ចន ច័ន្ទលក្ខិណា ទើបតែបានចូលរួមសម្ដែងក្នុងមហាព្រឹត្តិការណ៍ រាត្រីចងចាំ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ។ ក្នុងនោះលោកជំទាវក៏បានចូលរួមសម្ដែងជាតួអង្គព្រះនាងឥន្ទ្រទេវី ដោយលោកជំទាវបានគូសបញ្ជាក់ថា ៖ «ពេលដែលសម្លៀកបំពាក់នេះមកស្ថិតលើខ្លួនខ្ញុំភ្លាម គឺខ្ញុំសែនគោរពប្រតិបត្តិ រៀបឥរិយាបទ រៀបឫក រៀបពាឱ្យនឹងធឹង សមជាម្ចាស់ក្សត្រីប្រចាំព្រះមហានគរ»។
លោកជំទាវបន្តថា «ពេលខ្ញុំសម្តែងជាតួអង្គតំណាងព្រះនាងម្តងៗ ខ្ញុំតែងតែរៀបបាយសីថ្វាយព្រះអង្គ ដើម្បីសុំសេចក្តីសុខ តែខ្ញុំមិនដែលហ៊ានបួងសួងសុំព្រះបារមីព្រះនាងមកសណ្ឋិត ឬឃុំគ្រងនាងខ្ញុំ ដើម្បីសម្តែងឱ្យសាកសមជាព្រះនាងពិតៗនោះទេ។ ព្រោះខ្ញុំគិតថា ខ្លួនខ្ញុំមិនបរិសុទ្ធស្អាតស្អំ១០០% ដែលអាចឱ្យព្រះនាងសណ្ឋិតបានទេ។ ព្រោះខ្ញុំគិតថា ខ្ញុំនៅមានទោសៈ មោហៈ លោភៈ ក្នុងខ្លួន ដូច្នេះត្រឹមតែស្លៀកសម្លៀកបំពាក់ ហើយសម្តែងជាតួអង្គតំណាងព្រះនាង គឺពិតជាអស្ចារ្យលើសលុបពេកហើយសម្រាប់ខ្ញុំ។ ខ្ញុំជឿជាក់ថា ព្រះនាងមិនចូលសណ្ឋិតក្នុងរូបអ្នកស្នងណាម្នាក់ទេ ដូច្នេះសូមកុំតាំងខ្លួនជាព្រះនាងឱ្យសោះ»។


លោកជំទាវបន្ថែមថា «ខ្ញុំឃើញទង្វើ និងសកម្មភាពរបស់អ្នកស្នងខ្លះ គឺមានកាយវិការរាំមិនសមរម្យទាល់ តែសោះ តាមការបង្ហាត់បង្រៀនពីសាស្ត្រាចារ្យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ខ្ញុំថា ឥរិយាបទព្រះនាង កុំថាឡើយកាយវិការ សូម្បីតែកែវភ្នែកព្រះនាង មិនងាកមើលឆ្វេងស្តាំទេ។ តែមួយរយៈនេះ ខ្ញុំឃើញអ្នកកំពុងស្នងរូបព្រះនាង ប្រៀបដូចកាយវិការស្រីរបាំបែបទាក់ទាញកាមារម្មណ៍ បែបស្រ៊ើ.បស្រា.ល»។ លោកជំទាវសង្កត់ធ្ងន់ថា «កុំដើម្បីផលប្រយោជន៍របស់ខ្លួន យកព្រះនាងមកលេងសើច ប្រយ័ត្នបានស្នងក្នុងបន្ទប់រួម»។
យ៉ាងណាមិញ ក្រោយការបង្ហោះ និងចេញអន្តរាគមន៍ពីលោកជំទាវ ចន ច័ន្ទលក្ខិណា ក្នុងការស្នើរសុំឱ្យក្រសួងពាក់ព័ន្ធមានចំណាត់ចំពោះបុគ្គលតាំងខ្លួនជាព្រះនាងឥន្ទ្រទេវីស្នងរូប គេបានឃើញថាអ្នកលេងបណ្ដាញសង្គមគាំទ្រយ៉ាងខ្លាំង ហើយក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់ចំពោះរឿងនេះយ៉ាងខ្លាំងនិងកំពុងបន្តធ្វើការងារនេះតាមនីតិវិធី៕

