មនុស្សជាង ៥០នាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននាថ្ងៃព្រហស្បតិ៍ នេះ ខណៈក្រុមអ្នកជួយសង្គ្រោះជប៉ុន បានព្យាយាមស្វែងរក និងជួយសង្រ្គោះដល់ប្រជាជនរាប់រយនាក់ ដែលត្រូវបានកាត់ផ្តាច់ពីជំនួយមនុស្សធម៌ អស់រយៈពេល ៣ថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៧៨នាក់បានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។

ប្រតិបត្តិការស្វែងរកអ្នកនៅរស់រានមានជីវិតនៅតែបន្ត សហគមន៍ជាច្រើនកំពុងចាប់ផ្ដើមខ្វះខាតស្បៀងអាហា ដោយសារការរអិលបាក់ដី និងការបិទផ្លូវនៅកណ្តាលប្រទេសជប៉ុន ជាកន្លែងដែលគ្រោះរញ្ជួយដីកម្រិត ៧.៦រិចទ័របានវាយប្រហារកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា ការរញ្ជួយដ៏ខ្លាំង អមដោយការរញ្ជួយដីរាប់រយលើក បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៣០នាក់រងរបួស ខណៈថ្ងៃព្រហស្បតិ៍ នេះ អាជ្ញាធរក៏បានផ្សព្វផ្សាយបញ្ជីឈ្មោះមនុស្ស ៥១នាក់ មិនទាន់អាចបញ្ជាក់ពីទីកន្លែងស្នាក់នៅបាននៅឡើយ។

យោធា អ្នកពន្លត់អគ្គីភ័យ និងប៉ូលិសរាប់ពាន់នាក់មកពីទូទាំងប្រទេសជប៉ុន បានសើរើតាមគំនរបាក់បែកនៃផ្ទះ ដើមឈើដែលដួលរលំ និងតាមគំនរអគារពាណិជ្ជកម្ម។

គិតមកដល់ថ្ងៃព្រហស្បតិ៍ ជាថ្ងៃទី៤ នៃគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា មានគ្រួសារប្រហែល២៩,០០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងខេត្ត Ishikawa នៅលើឆ្នេរសមុទ្រជប៉ុន ហើយផ្ទះជាង ១១០,០០០ខ្នង នៅទូទាំងខេត្ត Ishikawa និងតំបន់ជិតខាងចំនួន២ មិនមានទឹកសម្រាប់ប្រើប្រាស់ទេ៕

