សិល្បៈជាតិ៖ ទើបតែចូលមកដល់ដើមឆ្នាំ ២០២៤នេះ មិនទាន់បានចំហាយឆ្លងឆ្នាំស្រួលបួលផង ស្រាប់តែតារាចម្រៀងនៅផលិតកម្មថោន គឺលោកករុណា ពេជ្រ បានចេញមកត្អូញត្អែប្រកាសក្ស័យធនអស់លទ្ធភាពបង់រំលស់ផ្ទះបន្ត ពីជីវភាពដែលមិនសូវលូតលាស់ រហូតដល់លោកបង្ហោះសារលាតត្រដាងអារម្មណ៍យ៉ាងភ្ញាក់ផ្អើលព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក។ តើមានរឿងអ្វីកើតឡើង?


លោក ករុណា ពេជ្រ បានសរសេរសារនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងដូច្នោះ៖ «ស្រលាញ់ផ្ទះ ស្តាយលុយ ប៉ុន្តែធ្វើម៉េច ខ្ញុំលែងមានសមត្ថភាព បង់រំលស់បន្ត… ប្រហែលនាពេលដ៏ខ្លីខាងមុខនេះ ខ្ញុំនឹងប្រគល់ផ្ទះ បីល្វែងនេះ ជូនទៅ ម្ចាស់គម្រោងវិញហើយ ដោយគ្មានការតវ៉ាអីទេ ព្រោះមុនទិញខ្ញុំជាមួយក្រុមហ៊ុនសង់ផ្ទះមានកុងត្រាត្រឹមត្រូវហើយ យើងដឹងចំណុចណា យើងខុសពីកុងត្រា ព្រោះយើងបោះបង់ការបង់ប្រាក់មុនពេលកំណត់… បន្ទាប់ពីតស៊ូ បង់រំលោះ អស់រយៈពេលជិត ៤ ឆ្នាំកន្លងមក… ដោយគិតថា សន្សំៗ ទៅក្រែងលក់បានវិញចំណេញខ្លះ គ្រាន់ដោះស្រាយជីវភាព ប៉ុន្តែមិនគួរចំ ពេលវេលាកូវីដអូសបន្លាយ វិបត្តិសេដ្ឋកិច្ចនៅលើពិភពលោក ដែលធ្វើឱ្យគាំង លក់អ្វីក៏មិនចេញបង្វិលលែងរួច..បើគិតជា ការប្រាក់ និងសាច់ប្រាក់ដើម អស់ជិត ២០ម៉ឺនដុល្លា..ហឹម »។
តារាចម្រៀងប្រុសរូបនេះបន្តថា «មួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំចំណាយលុយច្រើនហួស ចំណាយមើលជំងឺ ប៉ា រហូត ដល់ប៉ាស្លាប់ ធ្វើបុណ្យតាមប្រពៃណីរួចរាល់អស់ជិត ៥០ម៉ឺនដុល្លា… ទីបំផុតបង់ខាតលើការវិនិយោគទិញផ្ទះ ខាងលើជិត ២០ម៉ឺន ទៀត សរុបក្បែរ៧០ម៉ឺនដុល្លារ..ប៉ុន្តែ ខ្ញុំមិនស្តាយ ទឹកប្រាក់ដ៏ច្រើនមួយនេះទេ ព្រោះជាប្រាក់ដែលខ្ញុំចំណាយ ចំពោះកាតព្វកិច្ចជាកូនចំពោះប៉ា ហើយមួយទៀត ជាការរកស៊ីបង់ខាតដោយទៀងត្រង់ មិនបានបន្លំ រឺកេងចំណេញ រួចចាញ់បោកអ្នកណាម្នាក់ទេ..សរសើរខ្លួនឯងជាពិសេសអរគុណខ្លួនឯងដែលប្រឹងប្រែងរកស៊ី ដោយសុច្ចរិត សន្សំរហូតមានលុយសុទ្ធយ៉ាងច្រើនប៉ុណ្ណេះ ទោះបីជាវាមិនបានចាយក៏ដោយ.. ប៉ុន្តែ sad តិចៗ រួចហើយក៏ញញឹមប្រឹងប្រែងបន្ត…ឆ្នាំថ្មី ២០២៤ សូមឱ្យហេង ហេង រីឯស៊យ សូមឱ្យអស់ត្រឹមនេះចុះ…»។




បើចាប់អារម្មណ៍ខ្លាំងចំពោះសំណេរលោក ករុណ ពេជ្រ គឺបានឱ្យដឹងថា លោកបានខាតបង់ប្រាក់ជាច្រើនសរុបក្បែរលានដុល្លារ ថ្វីត្បិត តែបែបនេះក្តី តែក្នុងរយៈពេលនេះ ករុណា ក៏បានប្រាប់ថា ក្នុងកំឡុងពេល ប៉ុន្មាន ខែនេះ ប្រសិនបើមានបងប្អូនណា មានចំណាប់អារម្មណ៍ ចង់បន្តការទិញ ឬបង់បន្ត ពីករុណា ពេជ្រ គឺអាចមកចរចារ បាន និងលក់វិញត្រឹមតែប្រាក់ដើម ប៉ុណ្ណោះ ស្របពេលដែល ខ្លួន មិនអាចបន្តដំណើរការបង់ប្រាក់រហូតចប់សព្វគ្រប់នោះទេ ព្រោះពេលនេះ ការរកស៊ី បានខាតប្រាក់អស់ច្រើន គ្មានប្រាក់ដំកល់ សម្រាប់បង់បន្ត។
សូមជម្រាបថា ផ្ទះបីល្វែង ដែលតារាចម្រៀង ករុណា ពេជ្រ បានប្រកាសលក់វិញ គ្រាដែលគ្មានប្រាក់បង់បន្តទៀតនោះ គឺមានទីតាំងចំកណ្តាលក្រុងភ្នំពេញ ជាប់និង មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ៕

