ភ្នំពេញ៖ រដ្ឋបាលសាលាខេត្តពោធិ៍សាត់បានចេញសេចក្តីណែនាំមួយកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ដោយប្រកាសឱ្យប្រជាពលរដ្ឋ សូមផ្អាកការបង្កបង្កើនសូ្រវនៅរដូវប្រាំងលើកទី២ ដ្បិតត្រូវប្រឈមការខ្វះខាតទឹកប្រើប្រាស់សម្រាប់ការដាំដុះ។

ការខ្វះខាតទឹកប្រើប្រាស់នេះ បើតាមរដ្ឋបាលខេត្តពន្យល់ថា ព្រោះការផ្គត់ផ្គង់ទឹកជូនប្រជាកសិករក្នុងឆ្នាំ២០២៤ នេះ បានត្រឹមតែ ២០.០០០ ហិកតាប៉ុណ្ណោះ ប៉ន្តែការបង្កបង្កើនផលរបស់ប្រជាកសិករអាចកើនរហូតដល់ ៤៦.៣៤១ហិកតា លើសផែនការប្រើប្រាស់ទឹក ២៦.៣៤១ហិកតា។

តាមរយៈសេចក្តីណែនាំនេះ រដ្ឋបាលខេត្តពោធិ៍សាត់សូមណែនាំដល់ប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផលស្រូវ

រដូវប្រាំងឆ្នាំ២០២៤នេះ ត្រូវផ្អាកការបង្កបង្កើនផលដំណាំស្រូវក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ មួយទៀតត្រូវត្រៀមលក្ខណៈស្ដុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។ ករណីមិនអនុវត្តតាមសេចក្តីណែនាំ រដ្ឋបាលខេត្តប្រកាសមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងនេះឡើយ។

 អ្វីជាពិសេសនោះ រដ្ឋបាលខេត្តព្រមានថា ករណីដែលប្រជាកសិកនៅតែបន្តបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ទៀតនោះ នោះនឹងអាចជួបប្រទះការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់ បងប្អូនប្រជាកសិករថែមទៀតជាមិនខាន៕

Share.