កំពង់ស្ពឺ ៖ រថយន្ដសាំយ៉ុង ដឹកសិស្សសាលា ឯកជន អាធីខេ មួយគ្រឿង ខណៈដែលកំពុងដឹកសិស្សចេញពីសាលា ស្រាប់តែឆ្លងប្រព័ន្ធភ្លើងហុយផ្សែងឆេះ ផ្អើលក្មេងចុះចាកចេញដោយសុវត្តិភាព សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅបាញ់ពន្លត់ភ្លើង ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤១ ចំណុចភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។
រថយននតជួបគ្រោះអគ្គិភ័យខាងលើ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-2304 ជារថយន្តដឹកសិស្សសាលាឯកជន អាយធីខេ បើកបរដោយ ឈ្មោះ កើត ហោ ភេទប្រុស អាយិ២៤ឆ្នាំ មានទីលំនៅភូមិសន្លង់ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្តដឹកសិស្សតូចៗចេញពីសាលាចំនួន២៣នាក់ ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែឆ្លងប្រព័ន្ធភ្លើង បង្កជាអគ្គិភ័យ ភ្លាមៗកូនសិស្សត្រូវបានចាកចេញផុតដោយសុវត្តិភាព មិនមានអ្នកណារងរបួសឡើយ ។ ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានមួយគ្រឿងចេញទៅបាញ់ទឹកពន្លត់ ៕

អត្ថបទ៖ តាតុងសែនជ័យ

