សិល្បៈអន្តរជាតិ៖ គ្មាននរណាម្នាក់ចង់រស់នៅក្បែរមនុស្សនិយមគិតអវិជ្ជមាន ឬ ទុទិដ្ឋិនិយមឡើយ ព្រោះវាហាក់ដូចជាយើងកំពុងស្រូបយកថាមពលអវិជ្ជមានពីបុគ្គលនោះមកដាក់នៅក្នុងខ្លួនអីចឹង។ យ៉ាងណាមិញ សម្រាប់ហាងកាហ្វេមួយនេះនៅប្រទេសជប៉ុនបានបើកទ្វារស្វាគមន៍យ៉ាងខ្លាំងចំពោះមនុស្សប្រភេទគិតឆ្វេងនិយមទាំងអស់នោះ។


ហាងកាហ្វេមួយកន្លែងនេះឈ្មោះ Mori Ouchi គឺជាហាងកាហ្វេតូចមួយប៉ុន្តែបានផ្ដល់ភាពដ៏កក់ក្ដៅដល់មនុស្សជាច្រើននាក់នៅតំបន់ Shimokitazawa នៃទីក្រុងតូក្យូ។ បើមើលពីសភាពខាងក្រៅ និងខាងក្នុងហាង គឺមានការតុបតែងស្រស់ស្អាតមិនខុសពីហាងកាហ្វេល្បីៗដទៃទៀតឡើយ ប៉ុន្តែខុសត្រង់ថា ទាល់តែជាអ្នកដែលមានគំនិតទុទិដ្ឋិនិយម ឬជាមនុស្សអវិជ្ជមានប៉ុណ្ណោះទើបហាងកាហ្វេមួយនេះទទួលរាក់ទាក់ស្វាគមន៍ឱ្យចូលហាង។
ដោយឡែកម្ចាស់ហាងកាហ្វេបាននិយាយប្រាប់សារព័ត៌មានជប៉ុនថា ដើមឡើយរូបគាត់ផ្ទាល់គឺជាមនុស្សចូលចិត្តគិតអវិជ្ជមានខ្លាំងណាស់ ហើយគាត់មានគំនិតចង់បើកហាងកាហ្វេមួយដើម្បីស្វាគមន៍តែជំពូកមនុស្សដូចគាត់កាលពីជាងដប់ឆ្នាំមុន ប៉ុន្តែខ្លាចមានការរិះគន់ ឬមិនគាំទ្រ។ រហូតដល់ ៣ ឆ្នាំចុងក្រោយម្ចាស់ហាងក៏បានសម្រេចចិត្តបើកហាងកាហ្វេនេះឡើងនៅអំឡុងពេលមានការរីករាលដាលនៃមេរោគកូវីដ-១៩។
ម្ចាស់ហាងបានបន្តថា គាត់មានអារម្មណ៍យល់ឃើញមានមនុស្សបែបអវិជ្ជកាន់មានច្រើនឡើងនៅប្រទេសជប៉ុន ហើយពួកគេជាមនុស្សមានអត្តចរិតងាយរសើបនឹងរឿងអ្វីមួយ ហើយងាយឈឺចាប់ជាងអ្នកដទៃ ដូច្នេះគាត់ចង់បង្កើតហាងកាហ្វេលំហែអារម្មណ៍មួយកន្លែងសម្រាប់ពួកមនុស្សទាំងអស់នេះ។





ម្ចាស់ហាង Mori Ouchi បាននិយាយថា «មនុស្សភាគច្រើនតែងតែនិយាយបែបនេះ ការគិតវិជ្ជមានគឺល្អ ហើយការគិតអវិជ្ជមានគឺអាក្រក់។ ប៉ុន្តែសម្រាប់ខ្ញុំមិនគិតថា ការមានគំនិតអវិជ្ជមានគឺអាក្រក់ទាំងអស់នោះទេ»។ «ខ្ញុំគិតថា មនុស្សអវិជ្ជមានជាច្រើនដែលមានទំនោរចង់រក្សាអាកប្បកិរិយារបស់ពួកគេ ហើយពួកគេចង់រកកន្លែងសម្រាកមួយដែលដាច់ដោយឡែក និងមានភាពផ្ទាល់ខ្លួនពីមនុស្សដទៃ។
ដោយឡែក អត្ថន័យនៃពាក្យថា Mori Ouchi គឺសម្ដៅទៅលើផ្ទះដាច់ស្រយាលមួយនៅក្នុងព្រៃ វាហាក់ដូចជាការប្រៀបធៀបទៅការស្វែងរកកន្លែងស្ងប់ស្ងាត់សម្រាប់អ្នកទុទិដ្ឋិនិយមដែលចង់សម្របខ្លួនជាមួយធម្មជាតិដែលពួកគេនឹងមានអារម្មណ៍ថា ដូចជាស្វែងរកទីជម្រកដ៏កក់ក្ដៅដើម្បីសម្រាលទុក្ខ។
៣ឆ្នាំមកនេះ Mori Ouchi បានក្លាយជាហាងកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងប្រទេសជប៉ុន និងជាហាងកាហ្វេប្លែកៗជាងគេបំផុតនៅលើពិភពលោក ដែលមនុស្សជាច្រើននាក់ចង់សាកល្បងយ៉ាងហោចណាស់បានទៅផឹកកាហ្វេនៅទីនោះម្តងក្នុងជីវិតរបស់ពួកគេ៕

