ភ្នំពេញ ៖ បុរសម្នាក់ខណៈដើរសុខៗស្រាប់តែកើតមានអាការៈមិនស្រួលខ្លួន ដួលសន្លប់ស្តូកស្តឹង ក៏ដោយសារគាត់មានជម្ងឺប្រចាំកាយស្រាប់ផង បង្កឱ្យផ្អើលប្រជាពលរដ្ឋនាំគ្នាជួយ ហៅរថយន្តសង្គ្រោះ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អុំ ណុម ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (មានជម្ងឺប្រចាំកាយលើសឈាម)។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា បុរសខាងលើខណៈដែលកំពុងដើរសុខៗ ស្រាប់តែជម្ងឺរើធ្វើទុក្ខ ដួលសន្លប់ស្តូកស្តឹង បង្កឱ្យផ្អើលប្រជាពលរដ្ឋ អ្នកភូមិ ហៅក្រុមសង្គ្រោះឱ្យជួយអន្តរាគមន៍ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.