ស្វាយរៀង ៖ មន្ត្រីយោធាម្នាក់រងរបួសធ្ងន់ បាក់ជើងស្តាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តPRADOបើកបុកម៉ូតូហុងដាឌ្រីម អូសជាច្រើនម៉ែត្រ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ចំណុចភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ សៀវ មាឌ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាមន្ត្រីយោធា មានទីលំនៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J-8464 ជាមធ្យោបាយ ។ ចំណែករថយន្តបង្កម៉ាកPRADO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6048 បើកបរដោយឈ្មោះ ចំរើន សុកេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបើកលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ ចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូច្រាសទិស ជាប់អូសច្រើនម៉ែត្រ រងរបួសធ្ងន់ម្នាក់ បាក់ជើងស្តាំ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្ត អ្នកបើកបរ និងម៉ូតូ សមត្ថកិច្ចវាស់វែងហើយ យកទៅកាន់អធិការដ្ឋាននគរបាលក្រុង រងចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

