ភ្នំពេញ ៖ ក្រុមក្មេងទំនើង បង្កហិង្សាវាយទៅលើយុវតីសិស្សសាលាម្នាក់ កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវលំ ក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោយកម្លាំងសមត្ថកិច្ចសហការជាមួយឪពុកម្តាយ ចាប់ខ្លួនបានកាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅផ្សារវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចនាំខ្លួនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌកំបូល។

ជនដៃដល់មានគ្នា៣នាក់ ៖ ទី១ ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅឆើរី ភេទទី៣ អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១២ វិទ្យាល័យពងទឹក មានទីលំនៅ បុរីពិភពថ្មី៣ ផ្ទះលេខ៣៦ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ទី២ ឈ្មោះ យាន រស្មី ភេទស្រី ហៅមុី អាយុ១៥ឆ្នាំ សិស្សថ្នាក់១០ វិទ្យាល័យជម្ពូវ័ន មានទីលំនៅភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ទី៣ ឈ្មោះ លុច ភេទស្រី អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី១១ វិទ្យលាល័យពងទឹក មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

យុវតីរងគ្រោះមានឈ្មោះ សាយ ចរណៃ ភេទស្រី អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី១១ វិទ្យាល័យពងទឹក មានទីលំនៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មកដល់ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ ក្រុមក្មេងទំនើងទាំងនោះ សមត្ថកិច្ចខណ្ឌកំបូល កំពុងសាកសួរ អនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

