ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោក គីស៊ីដា ហ្វូមីអុ នាយករដ្ឋមន្ត្រីជប៉ុន ចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន និងការខូចខាតហេដ្ឋារចនាសម្ពន្ធ ទ្រព្យសម្បត្តិជាច្រើន ក្នុងហេតុការណ៍គ្រោះរញ្ជួយដីកាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ។ សាររំលែកទុក្ខរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផ្ញើជូននាយករដ្ឋមន្រ្តីជប៉ុនកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក៏ស្របពេលដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ជប៉ុនបានរុករកឃើញ​ចំនួន​អ្នក​ស្លាប់​កើន​ដល់ ​៨៤​នាក់​ហើយ​គិតត្រឹមថ្ងៃទី០៥ ខែមករា នេះ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានរងការវាយប្រហារពីគ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា រហូតឈានដល់កម្រិត ៧.៦ រ៉ិចទ័រ។ សេចក្តីរាយការណ៍បានបន្តថា នៅមានមនុស្សច្រើនជាង៥០នាក់ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួននៅឡើយ ខណៈក្រុមសង្រ្គោះជប៉ុនបន្តព្យាយាមស្វែងរកពួកគេ។

បើតាមសេចក្តីរាយការណ៍ គឺនៅ​សប្ដាហ៍​ក្រោយ គណៈ​រដ្ឋ​មន្ត្រី​ត្រៀម​​ពិនិត្យ និង​អនុម័ត​​កញ្ចប់​ថវិកា​​ ៤ ​ពាន់​លាន​យ៉េន​ ឬ​ស្មើ​នឹង​​ជាង​២៧​លាន​ដុល្លារ​​​​ទុក​សម្រាប់​ប្រើ​ប្រាស់​​ដល់​ខែ​មីនា​ ដើម្បីស្តារឡើងវិញតាមតម្រូវការចាំបាច់នានា។ ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ថ្លែង​ថា ​លោក​នឹង​ខិត​ខំ​​​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​រង​គ្រោះ​​អាច​ស្ងប់​ស្ងាត់​នៅ​ក្នុង​​ជីវិត​​​ និង​វិល​ត្រឡប់​មក​រក​​ជីវ​ភាព​ធម្មតា​ឡើង​វិញ​។​​

អាជ្ញាធរជប៉ុនបាននិយាយថា ហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លា ធ្វើឱ្យប្រជាពលរដ្ឋប្រហែល២៩,០០០គ្រួសារនៅខេត្តអ៊ីស៊ីកាវ៉ា (Ishikawa) គ្មានអគ្គិសនីប្រើប្រាស់នៅឡើយ ហើយផ្ទះសម្បែងជាង១១០,០០០ខ្នងនៅទូទាំងខេត្តនេះ និងនៅតំបន់ជិតខាងចំនួន២ទៀតកំពុងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ផងដែរ៕

Share.