ក្រុមមន្ត្រីបាននិយាយថា មនុស្ស ៣នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២៨នាក់បានរងរបួស នៅពេលដែលរថភ្លើង ២គ្រឿងបានបុកគ្នានៅលើកោះ Java ដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃសុក្រ នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង ៦:០៣នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅតំបន់ Cicalengka ក្នុងខេត្ត West Java ហើយបានធ្វើឱ្យទូរថភ្លើងជាច្រើនក្រឡាប់ធ្លាក់ចេញពីផ្លូវ។

លោក Ayen Hanepi អ្នកនាំពាក្យរបស់ប្រតិបត្តិករផ្លូវដែក PT KAI បាននិយាយថា «យើងបានកំណត់អត្តសញ្ញាណជនរងគ្រោះម្នាក់ ជាអ្នកបម្រើឱ្យរថភ្លើង Turangga»។ លោកបានបន្ដថា «ការប៉ះទង្គិចគ្នានេះ ទាក់ទងនឹងរថភ្លើង Turangga ដែលជាខ្សែរថភ្លើងក្នុងទីក្រុងដែលរត់ពី Surabaya ក្នុង East Java ទៅទីក្រុង Bandung និងរថភ្លើងក្នុងស្រុក។ រថភ្លើង Turangga បានដឹកអ្នកដំណើរចំនួន ២៨៧នាក់ ខណៈមនុស្ស ១៩១នាក់បានជិះនៅលើខ្សែរថភ្លើងក្នុងស្រុក»។

បើតាមអ្នកនាំពាក្យប៉ូលិសខេត្ត លោក Ibrahim Tompo បាននិយាយថា អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញ ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់។

គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍មិនមែនជារឿងចម្លែកទេ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំកោះដ៏ធំ ដែលរថយន្តក្រុង រថភ្លើង និងសូម្បីតែយន្តហោះជារឿយៗ មានសភាពចាស់ និងមានការថែទាំមិនបានល្អ។
កាលពីឆ្នាំ២០១៥ ហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាង រថភ្លើងដឹកអ្នកដំណើរ ១ខ្សែ និងរថយន្តក្រុងធុនតូច ១គ្រឿង នៅផ្លូវឆ្លងកាត់ក្នុងរដ្ឋធានីហ្សាកាតា បានផ្តាច់ជីវិតមនុស្ស ១៦នាក់។ រីឯកាលពីឆ្នាំ២០១៣ មនុស្ស ៧នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស នៅពេលរថភ្លើងដឹកអ្នកដំណើរ ១ខ្សែ បានបុករថយន្តដឹកប្រេង នៅទីក្រុងហ្សាកាតាដដែល រួចបង្កឱ្យមានភ្លើងឆាបឆេះទៀតផង៕

