ជើងហោះហើរក្នុងស្រុកជាង ២០០ជើង ទៅនិងមក ពីអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ដែលកំណត់កាលបរិច្ឆេទហោះហើរនៅថ្ងៃសុក្រ សប្ដាហ៍នេះ ត្រូវបានលុបចោល ដោយសារឧបទ្ទវហេតុ រវាងយន្តហោះដឹកអ្នកដំណើរ និងយន្ដហោះឆ្មាំសមុទ្រ បុកគ្នាកាលពីល្ងាចថ្ងៃអង្គារ ខណៈជើងហោះហើរប្រហែល ២០០ជើង ដែលកំណត់ការហោះហើរសម្រាប់ថ្ងៃសៅរ៍នេះ ក៏ត្រូវបានលុបចោលដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NHK នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានលុបចោលជើងហោះហើរក្នុងស្រុកចំនួន ១០២ជើង នៅថ្ងៃសុក្រ នេះ ខណៈក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ក៏បានលុបចោលជើងហោះហើរ ៩៨ជើងដែរ ហើយមានក្រុមហ៊ុនអាកាសចរណ៍ Starflyer និងក្រុមហ៊ុនអាកាសចរណ៍ Skymark Airlines បានលុបចោលជើងហោះហើរមួយចំនួនដូចគ្នា។


ទាក់ទិនបញ្ហានេះ ក្រុមហ៊ុនអាកាសចរណ៍និយាយថា អាចមានការផ្លាស់ប្តូរបន្ថែមទៀតនៅក្នុងកាលវិភាគរបស់ពួកគេ។ ក្រុមហ៊ុនកំពុងណែនាំអ្នកដំណើរឱ្យតាមដានព័ត៌មានជើងហោះហើរចុងក្រោយបំផុត ខណៈសេវាកម្មនានា ត្រូវបានគេរំពឹងថា នឹងនៅតែមានការអាក់ខានរហូតដល់កម្ទេចកម្ទីទាំងអស់ ត្រូវបានយកចេញពីផ្លូវរត់ ហើយការពិនិត្យពីសុវត្ថិភាពត្រូវបានបញ្ចប់រួចរាល់៕

