ភ្នំពេញ ៖ គិតមកដល់ត្រឹមវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ សំណុំរឿងហិង្សា រវាងក្រុមយុវតីសិស្សសាលាមួយក្រុម ធ្វើសកម្មភាពព្រួតវាយទៅលើយុវតីសិស្សសាលាម្នាក់ កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវលំ វាលស្រែក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ច តាមចាប់ឃាត់ខ្លួនក្រុមជនដៃដល់បាន កាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅផ្សារវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាំយកមកសាកសួរនៅផ្នែកជំនាញខណ្ឌកំបូល។ រហូតមកដល់វេលាម៉ោង៣រសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ ក្រោយសាកសួរ សមត្ថកិច្ចឃាត់ខ្លួនក្រុមជនបង្កនិងពាក់ព័ន្ធ សរុបចំនួន៥នាក់ និងម៉ូតូចំនួន២គ្រឿង ។

ជដៃដៃដល់ និងបក្ខពួក ទាំង៥នាក់ ៖ ទី១ ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅឆើរី ភេទប្រុស តែចរឹកស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ផ្ទះលេខ៣៦ បុរីពិភពថ្មី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
ទី២ ឈ្មោះ យាន រស្មី ហៅមុី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ទី៣ ឈ្មោះ ហូយ ម៉ូលុច្យ ហៅហ្វាំង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ទី៤ ឈ្មោះ គង់ សុីណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ទី៥ ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ចំណែកយុវតីរងគ្រោះ មានឈ្មោះ សាយ ចរណៃ ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ ។

ក្រៅពីឃាត់ខ្លួនក្រុមជនដៃដល់និងបក្ខពួកពាក់ព័ន្ធទាំង៥នាក់ សមត្ថកិច្ចដកហូតបានម៉ូតូចំនួន២គ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KF-6858 និងម៉ាកBeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JA-2714 ជាមធ្យោបាយរបស់ក្រុមជនសង្ស័យជិះរត់គេចខ្លួន ។

បច្ចុប្បន្នជនដៃដល់និងបក្ខពួកទាំង៥នាក់ កំពុងឃាត់ខ្លួន កសាងសំណុំរឿងនៅផ្នែកជំនាញខណ្ឌកំបូល ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

