ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បញ្ជាក់ប្រាប់អ្នកសារព័ត៌ មានបន្ថែមថា ក្រសួង និងស្ថាប័នពាក់ព័ន្ធ នឹងប្រឹងប្រែងជួយសម្រួលឱ្យប្រជាកសិករ ទទួលបានទឹកប្រើប្រាស់គ្រប់ៗគ្នានិងដោយស្មើភាព ពោលគឺមិនអនុញ្ញាតឱ្យនរណាម្នាក់កេងចំណេញ ឬរំលោភយកទឹកទៅប្រើប្រាស់តែឯងនោះទេ។

កសិករនាំគ្នាបូមទឹកដាក់ដំណាំ។
ការបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលសាលាខេត្តពោធិ៍សាត់បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី០៣ ខែមករា ឱ្យប្រជាកសិករផ្អាកការបង្កបង្កើនផលស្រូវប្រាំវលើកទី២ ដ្បិតអាចប្រឈមបញ្ហាខ្វះខាតទឹកស្រោចស្រព។ រដ្ឋបាលខេត្តព្រមានមិនទទួលខុសត្រូវឡើយរាល់ការខាតបង់ ករណីបើសិនកសិករនៅតែជម្នះធ្វើស្រែប្រាំងទៀតនោះ។
អ្នកនាំពាក្យក្រសួងកសិកម្មគាំទ្រចំពោះការអំពាវនាវរបស់រដ្ឋបាលខេត្តពោធិ៍សាត់ដែលហាមឃាត់ការធ្វើស្រែប្រាំងនេះ ដ្បិតអាជ្ញាធរបានព្យាករណ៍និងគណនាដោយឃើញថា បរិមាណទឹកនឹងមិនគ្រប់គ្រាន់ក្នុងដំាដុះស្រូវប្រាំងខាងមុខនេះទេ បើសិនជាកសិករសម្រុះបង្កបង្កើនផលដូចរដូវវស្សាទៀតនោះ។ ជាងនេះទៀត អ្នកនាំពាក្យរូបនេះ ថាការប្រើប្រាស់ទឹកគឺពុំមែនសម្រាប់តែការស្រោចស្រពដំណាំតែមួយមុខនោះទេ គឺត្រូវបែងចែងទុកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
សម្រាប់អ្នកនាំពាក្យក្រសួងកសិកម្ម ការខ្វះខាតទឹកបង្កបង្កើនផលនៅរដូវប្រាំងនាពេលខាងមុខនេះ គឺពុំមែនមានតែកម្ពុជានោះទេ ពោលគឺប្រទេសក្បែរខាងកម្ពុជាក៏ប្រកាសពីក្តីព្រួយបារម្ភជុំវិញបញ្ហាទឹកស្រោចស្រពនេះដែរ។ មួយវិញទៀត ចំណែកដែលនាំឱ្យបរិមាណទឹកក្នុងខេត្តពោធិ៍សាត់ប្រឈមការខ្វះខាត ដ្បិតកាលពីរដូវវស្សាប្រជាកសិករបាននាំគ្នាសម្រុះដាំដុះស្រូវច្រើន ព្រោះលក់បានក្នុងតម្លៃថ្លៃជាងមុន ដែលជាហេតុនាំឱ្យកសិករបន្ថែមបរិមាណផ្ទៃដីដាំដុះ៕
