ភ្នំពេញ៖ក្រសួងមហាផ្ទៃបានសម្រេចដកឋានន្តរស័ក្តិចំនួន ០១ថ្នាក់ពីវរសេនីយ៍ទោ សោម សុថារ័ត្ន អធិការរងនគរបាលខណ្ឌជ្រោយចង្វារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកត្រឹមថ្នាក់វរសេនីយ៍ត្រីវិញ ក្រោមហេតុផលលោកអធិការរងខណ្ឌជ្រោយចង្វាររូបនេះ បានល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី០៦​ ខែមករា ឆ្នាំ២០២៤នេះ។

ជាការកត់សម្គាល់ មន្ត្រីនគរបាលចំនួន ១២នាក់ផ្សេងទៀតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានក្រសួងមហាផ្ទៃបណ្តេញចេញពីក្របខ័ណ្ឌតែម្តង ពាក់ព័ន្ធករណីមិនគោរពបទបញ្ជា តួនាទីភារកិច្ចការងារ និងព្រងើយកន្តើយមិនទទួលខុសត្រូវនៅក្នុងភារកិច្ចផ្សេងៗក្នុងនាមជាកងកម្លាំងនគរបាលជាតិ។ ការបណ្តេញចេញមន្រ្តីទាំង ១២រូបនេះធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ដូចគ្នា និងជាអ្វីដែលលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានហៅការបណ្តេញចេញមន្រ្តីនគរបាលទាំងនោះថា «ទុកក៏មិនចំណេញ ដកចេញក៏មិនខាត»៕

Share.