ភ្នំពេញ ៖ ក្មេងស្រីសិស្សសាលា២នាក់បងប្អូនជិះម៉ូតូBeatមួយគ្រឿងបោះពួយលឿនជ្រុល មិនបានមើលមុខ ជ្រុលទៅបុកពីក្រោយរុឺម៉កម៉ូតូកំពុងឈប់ចតចិញ្ចើមផ្លូវ ប្លោងខ្ទាតធ្លាក់ចូលប្រឡាយ កប់ភក់ សំណាងល្អរបួសរបួសស្រាលទាំងអស់គ្នា ខូចតាតតែសម្ភារៈ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ក្មេងស្រី២នាក់បងប្អូនភ្លោះ ជិះម៉ូតូហុងដាBeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IJ-9517 ឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូងល្បឿនលឿន ដល់ចំណុចកើតហេតុ រវល់តែងាកឆ្វេង ស្រាប់តែជ្រុលទៅបុកពីក្រោយ រុឺម៉កម៉ូតូ កំពុងឈប់ចតចិញ្ចើមផ្លូវ ប្តីអ្នកបើករវល់ចុះបត់ជើង ប្រពន្ធនិងកូនតូច២នាក់ កំពុងអង្គុយលើរុឺម៉ក បណ្តាលឱ្យប្លោងខ្ទាតធ្លាក់ចូលប្រឡាយ កប់ភក់ ទាំងម៉ូតូ ទាំង៣នាក់ម្តាយកូន ចំណែកក្មេងស្រីសិស្សសាលា២នាក់បងប្អូន រងរបួសស្រាល ម៉ូតូខ្ទេចមួយកំណាត់មុខ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ភាគីសងខាងធ្វើការសម្របសម្រួលគ្នា ដោយយកមធ្យោបាយទៅជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖តាតុងសែនជ័យ

