ភ្នំពេញ ៖ បុរសម្នាក់បើកបរម៉ូតូកង់បីក្នុងស្ថានភាពស្រវឹង រេពេញផ្លូវ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបើកស្របទិសជ្រុលកៀរ បណ្តាលឱ្យខ្ទាតក្រឡាប់ធ្លាក់ចូលប្រឡាយ រងរបួសបែកក្បាល ហើយរថយន្តបើកគេចទៅបាត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ចំណុចភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KF-2870 បើកដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បើកតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង រេពេញផ្លូវ ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបើកស្របទិស គេចមិនទាន់ក៏ជ្រុលកៀរម៉ូតូកង់បី បណ្តាលឱ្យខ្ទាតក្រឡាប់ធ្លាក់ចូលប្រឡាយ រងខូចខាត របួសបែកក្បាល រថយន្តបើករត់គេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់ ជនរងគ្រោះគ្រាន់តែរបួសបែកក្បាល តែក្នុងសភាពស្រវឹង បានជូតលាង រុំរបួសហើយ ត្រូវបានក្រុមគ្រួសារ សុំមិនទៅពេទ្យទេ ដោយយកវិលត្រឡប់ទៅផ្ទះវិញ រីឯម៉ូតូកង់បីរងខូចខាត ហើយរថយន្តក៏បើករត់គេចទៅបាត់ ក្រុមគ្រួសារសុំសមត្ថកិច្ចយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖តាតុងសែនជ័យ

