
នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានប្រកាសចែកផ្លូវជាលោក Fernando Diniz គ្រូបង្វឹកបណ្តោះអាសន្ន ក្រោយដឹកនាំ៦ប្រកួតចុងក្រោយ ឈ្នះ២ ស្មើ១ និងចាញ់៣លើក ធ្វើឱ្យប្រេស៊ីល ឈរលេខ៦ នៃវគ្គជម្រុះ FIFA World Cup 2026 នៅទ្វីបអាមេរិកខាងត្បូង។
លោក Fernando Diniz ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីល តែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន ជំនួសកៅអីរបស់លោក Tite ដែលបានសម្រេចចិត្តចុះចេញពីតំណែងគ្រូបង្វឹកប្រេស៊ីល ភ្លាមៗបន្ទាប់ពីចាញ់ក្រូអាត ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-២ ក្រោយស្មើគ្នា ០-០ នៅម៉ោងធម្មតា៩០នាទី និងបន្តស្មើគ្នា ១-១ នៅម៉ោងបន្ថែម១៥នាទី២ដង វគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2022 នៅប្រទេសកាតា ក្នុងកីឡដ្ឋាន Education City កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។
កាលពីពេលកន្លងធ្លាប់មានព័ត៌មានជាច្រើនលើកឡើងថាលោក Carlo Ancelotti ដែលកំពុងដឹកនាំ Real Madrid គឺជាបេក្ខភាពខ្ពស់ជាងគេ ក្នុងការក្លាយជាគ្រូបង្វឹកប្រេស៊ីល នៅខែមិថុនា ឆ្នាំ២០២៤ នេះដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់ FIFA World Cup 2026 និង 2024 Copa América ខាងមុននេះ។
ប៉ុន្តែលោក Carlo Ancelotti បានសម្រេចបន្តកុងត្រាថ្មីជាមួយ Real Madrid ធ្វើឱ្យក្តីស្រមៃរបស់ក្រុមជម្រើសជាតិប្រេស៊ីល ត្រូវរលាយ។ ហើយបើយោងតាមលោក Ednaldo Rodrigues ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល កំពុងស្វែករកគ្រូបង្វឹកថ្មីឆាប់ៗនេះ៕


