ភ្នំពេញ៖ សកម្មជនសង្គមមួយរូបគឺលោក នី ណាក់ ត្រូវបានតុលាការសម្រេចចេញដីកាឱ្យឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ម១) ពាក់ព័ន្ធពីបទ«បរិហាកេរ្តិ៍ និងញុះញង់»ដែលប្តឹងដោយរដ្ឋមន្រ្តីក្រសួងការងារ។នេះបើតាមដីកាតុលាការភ្នំពេញចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ដែលអ្នកកាសែតទើបទទួលបាននៅព្រឹកថ្ងៃទី០៦ ខែមករា នេះ។

យោងតាមដីកាខាងលើ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល បានបង្គាប់ឲ្យឃុំខ្លួនលោក នី ណាក់ នៅពន្ធនាគារព្រៃស ក្រោមបទ«ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ តាមមាត្រា៨៨ មាត្រា៣០៧ មាត្រា៤៩៥ និងមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។

លោក នី ណាក់។
លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួមមកហើយ កាលពីខែកញ្ញា ឆ្នាំមុន និងត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមធាក់ម៉ូតូផ្តួល និងបានវាយដំលើរាងកាយ និងក្បាលយ៉ាងដំណំ នៅពេលដែលលោក និងភរិយាធ្វើដំណើរតាមដងផ្លូវ នៅជិតវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា លោក នី ណាក់ ម្ចាស់គណនីសង្គមហ្វេសប៊ុកឈ្មោះ IMan-KH ដែលមានជំនាញក្នុងវិស័យកសិកម្មតែងតែរិះគន់ចំណុចអវិជ្ជមាននានាក្នុងសង្គម ជាពិសេសពាក់ព័ន្ធវិស័យកសិកម្ម តាមបណ្តាញសង្គមហ្វេសប៊ុក៕
