សៀមរាប ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេច ផ្តើមមកពីទុស្សចរន្តអគ្គិសនី បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិទី៣ សង្កាត់ចុងឃ្នៀល ក្រុងសៀមរាប ខេត្តសៀមរាប ។

ផ្ទះទាំង៣ខ្នងទទួលរងអគ្គិភ័យឆាបឆេះ ៖ ទី១ ម្ចាស់ឈ្មោះ សាយ គឹមសួរ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរប្រជាការពារភូមិ ។ ទី២ ម្ចាស់ឈ្មោះ ឡូយ ហុក ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ ។ ទី៣ ម្ចាស់ឈ្មោះ ហួត លី ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ កើតមានទុស្សេចរន្តអគ្គសនី ចេញពីផ្ទះ ឈ្មោះ សាយ គឹមសួរ ឆាបឆេះសន្ធោសន្ធៅ រាលដាលទៅផ្ទះ២ខ្នងបន្តទៀត ដែលជាសំណង់ឈើប្រក់ស័ង្កសី ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គភ័យចំនួន៧គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង និងការពារ ខណៈដែលផ្ទះចំណុចខាងលើសង់នៅផ្តុំជាប់ៗគ្នា ។ ផ្ទះទាំង៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.