ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ បាក់ស្មងជើងខាងស្តាំ ចំណែក២នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូស្កុបពីជិះឌុបគ្នាឆ្លងផ្លូវជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីម កំពុងជិះលើផ្លូវអថិភាព ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី០៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ភាគីខាងម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BN-0699 ជិះឌុបគ្នា២នាក់ ។ ចំណែកម៉ូតូហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1W-2903 ជិះដោយជនរងគ្រោះ ឈ្មោះ ថន គឹមហួរ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី១១ មានទីលំនៅភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូស្កុបពី ជិះឌុបគ្នា២នាក់ ឆ្លងផ្លូវពីជើងទៅត្បូង ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកជាមួយ ភាគីខាងម៉ូតូហុងដាឌ្រីម ដែលជិះពីកើតទៅលិចលើផ្លូវអថិភាព បណ្តាលឱ្យភាគីខាងម៉ូតូហុងដាឌ្រីម របួសធ្ងន់ បាក់ស្មងជើងខាងស្តាំ ចំណែកខាងម៉ូតូស្កុបពីរបួសស្រាល២នាក់ ។
ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកជនរងគ្រោះរបួសស្រាល២នាក់ ត្រូវបានក្រុមគ្រួសារនាំយកទៅផ្ទះពេទ្យក្បែរនោះ ។ រីឯម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វឺងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

