ភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ ខណៈដែលកំពុងដើរឆ្លងផ្លូវ ត្រូវបានរថយន្តកុងតឺន័របើកបុក អូសជាង៥ម៉ែត្រ របួសបាក់ភ្លៅស្តាំ សន្លប់បាត់ស្មារតី ។ ហេតុការណ៍ខងលើកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខតំបន់សេដ្ឋកិច្ច ក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ជុំ ពេជ្រពិសាលភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរសន្តិសុខយាមរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិថ្កូវ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង របួសធ្ងន់បាក់ភ្លៅស្តាំ បាត់បង់ស្មារតី ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរចេញពីកន្លែងយាមរោងចក្រ ឆ្លងផ្លូវពីជើងទៅត្បូង បំណងឆ្ពោះទៅផ្ទះជួល ស្រាប់តែរថយន្តកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-2642 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1132 បើកពីលិចទៅកើត ជ្រុលបុក អូសជាង៥ម៉ែត្រ ទើបរថយន្តឈប់ បណ្តាលឱ្យរងរបួសធ្ងន់បាក់ភ្លៅស្តាំ សន្លប់ឈឹង រីឯអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ រងចាំតំណាងដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

