ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះលើកុងម៉ារាលដល់គ្រែដេក អស់សម្ភារៈប្រើប្រាស់មួយចំនួន ផ្តើចេញពីទុស្សេចរន្តភ្លើងលើកុងម៉ា គ្រាដែលម្ចាស់មិននៅផ្ទះ បង្កឱ្យភ្ញាក់ផ្អើលពលរដ្ឋក្នុងភូមិ នាំគ្នាគាស់បើកទ្វារចូលជះទឹកពន្លត់ភ្លើង ហើយក៏មានរថយន្តពន្លត់អគ្គិភ័យចេញទៅដល់ចំនួន៣គ្រឿងផងដែរ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះមានឈ្មោះ សយ សុខណា ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ប្រពន្ធឈ្មោះ ចាន់ ផល្លី អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះកើតហេតុ សង់ពីថ្មប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx១២ម៉ែត្រ ។ សម្ភារៈខូចខាត គ្រែដេក សម្ភារៈប្រើប្រាស់អស់មួយចំនួនតូច ។

តាមសម្តីម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេលកើតហេតុ ក្នុងផ្ទះបានបើកភ្លើងធម្មតា ហើយនៅលើកុងម៉ាមានដោតភ្លើងអំពូលបំភ្លឺផងដែរ រួចបិទទ្វារចេញទៅលេងផ្ទះកូននៅក្លោងទ្វារវត្តអង្គត្រគៀត ផ្លូវជាតិលេខ៣ បានមួយភ្លែត ស្រាប់តែអ្នកជិតខាងទូរស័ព្ទប្រាប់ ភ្លើងឆេះផ្ទះ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ឃើញភ្លើងឆេះចេញពីលើកុងម៉ា ហើយរាលដល់គ្រែនៅពីក្រោម ឆេះសម្ភារៈ កាន់តែខ្លាំងឡើង ដោយរកម្ចាស់មិនឃើញ ផ្អើលពលរដ្ឋនាំគ្នាគាស់ទ្វារដងទឹកជះ ភ្លើងបានរលត់ទៅវិញភ្លាមៗ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន២គ្រឿង រថយន្តបុរីសង្ឃឹមថ្មី ១គ្រឿង ទៅដល់ផងដែរ តែភ្លើងបានរលត់ទៅវិញហើយ ។ ខូចខាតតែសម្ភារៈ របស់របរប្រើប្រាស់មួយចំនួន គ្រែដេក តែប៉ុណ្ណោះ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.