ភ្នំពេញ ៖ រថយន្តLand cruiser មួយគ្រឿង បើកចេញពីយានដ្ឋាន ឆ្លងផ្លូវដែកមិនប្រុងប្រយ័ត្ន រថភ្លើងបើកបុក ប៉ើងខ្ទាតធ្លាក់ផ្លូវ រងខូចខាតទាំងរថភ្លើង ទាំងរថយន្ត ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BN-1518 បើកចេញពីយានដ្ឋាននៅក្បែរនោះឆ្លងផ្លូវដែក ពីជើងទៅត្បូង ដល់ខាងលើផ្លូវដែកហើយ ក្រឡេកឃើញរថភ្លើងមកពីកើតមកជិតដល់ ក៏ឈប់រៀបនឹងរយ៊ែរថយក្រោយវិញ តែមិនទាន់ ត្រូវបានរថភ្លើងបើកបុកប៉ើងខ្ទាតរថយន្តធ្លាក់ចេញពីផ្លូវ រងខូចខាត ទាំងរថយន្តទាំងរថភ្លើង ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តពេលដែលបើកដល់ខាងលើផ្លូវដែកហើយ បែជាឈប់បម្រុងថយក្រោយវិញ ស្របពេលដែលរថភ្លើងបើកពីកើតទៅលិចមកដល់បុកប៉ើងតែម្តង ។

ក្រោយកើតហេតុ រថភ្លើងបន្តដំណើរចាកចេញទៅបាត់ ទុកតែតំណាង រងចាំដោះស្រាយ តែមិនត្រូវ ទើបប្រគល់ឱ្យសមត្ថកិច្ចយករថយន្តទៅរក្សាទុក នៅផ្នែកជំនាញខណ្ឌសែនសុខ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.