ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែង លោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ពីស្នងការរងនគរបាលខេត្តព្រះសីហនុ មកជាមន្ដ្រី និងបន្ថយស័ក្ដិមួយកម្រិតពីវរសេនីយ៍ទោ មកជា វរសេនីយ៍ត្រី (ពីស័ក្តិ៤កន្លះមកនៅត្រឹមស័ក្តិ៤)។

ប្រកាសដែលចេញកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី ០៧​ ខែមករា ឆ្នាំ២០២៤នេះបានបញ្ជាក់ពីមូលហេតុនៃការដកហូតតំណែងលោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ព្រោះមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ជាងនេះទៀត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏ផ្ទេរភារកិច្ចដោយបង្ខំចំពោះវរសេនីយ៍ត្រី ហម សុវណ្ណរិទ្ធ អត្តលេខ ៧៨ ៤៩៤ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យទៅបម្រើការងារនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

Share.