ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនវ៉ាជែងគេចពីរថយន្តខាងមុខ ជ្រុលទៅបុកផ្ទប់ពីក្រោយម៉ូតូកង់បី បណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯង ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សុី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ បុិច សុខម៉េង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានស្រុកកំណើតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-2254 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ពីកើតទៅលិច ល្បឿនលឿន វ៉ាជែងគេចពីរថយន្តខាងមុខ ជ្រុលទៅបុកផ្ទប់ពីក្រោយម៉ូតូកង់បី កំពុងបើកស្របទិស បណ្តាលឱ្យរងរបួសធ្ងន់ បាក់ជើងស្តាំខ្លួនឯង រីឯម៉ូតូកង់បី ឃើញសភាពមិនស្រួល លែងចង់បានសំណងហើយ បន្ថែមល្បឿនបើកគេចទៅបាត់ បន្សល់ទុកតែជនរងគ្រោះនៅដេកដួលម្នាក់ឯងជាមួយម៉ូតូមួយគ្រឿង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍នគរបាល ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.