លោកស្រី Kim Yo Jong ដែលជាប្អូនស្រី និងជាមនុស្សជំនិតដ៏សំខាន់របស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយកាលពីថ្ងៃអាទិត្យ ថា កូរ៉េខាងជើងនឹងបើកការវាយប្រហារយោធាភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយ ខណៈប្រទេសនេះបានបាញ់ផ្លោងកាំភ្លើងធំនៅជិតព្រំដែនរបស់ខ្លួនជាមួយកូរ៉េខាងត្បូង សម្រាប់ថ្ងៃទីបីជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៣។

ការកត់សម្គាល់នេះកើតឡើង បន្ទាប់ពីយោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាង ៦០គ្រាប់កាលពីថ្ងៃសៅរ៍ នៅជិតព្រំដែនសមុទ្រដែលមានជម្លោះរបស់ពួកគេ បន្ទាប់ពីមានការបាញ់ផ្លោងស្រដៀងគ្នានេះ ជាង ២០០គ្រាប់កាលពីថ្ងៃសុក្រ។ យោធាត្បូង ឱ្យដឹងទៀតថា នៅថ្ងៃអាទិត្យនេះ កូរ៉េខាងជើង ក៏បានបាញ់ផ្លោងប្រហែល ៩០គ្រាប់ទៀតផងដែរ ដែលវាជាថ្ងៃទី៣ ជាប់ៗគ្នា។

យ៉ាងណាម៉ិញ កងទ័ពរបស់កូរ៉េខាងជើង បាននិយាយថា ពួកគេមិនបានបង្កការគំរាមកំហែងណាមួយដល់កូរ៉េខាងត្បូងឡើយ ខណៈសមយុទ្ធបាញ់ប្រហាររបស់ពួកគេត្រូវបានធ្វើឡើងតាមកាលកំណត់ស្របទៅនឹងព្រំដែន។

ជាមួយគ្នានោះដែរ លោកស្រី Kim Yo Jong ដែលជាសមាជិកដ៏មានឥទ្ធិពលបំផុតម្នាក់នៃរបបលោក Kim Jong Un បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំបញ្ជាក់ជាថ្មីម្តងទៀតថា ប៊ូតុងសុវត្ថិភាពនៅលើគន្លឹះរបស់កងទ័ពប្រជាជនកូរ៉េ (KPA) ត្រូវបានបាត់បង់រួចហើយ»។

លោកស្រី បាននិយាយដោយប្រើឈ្មោះផ្លូវការរបស់យោធាកូរ៉េខាងជើងថា «ដូចដែលបានប្រកាសរួចហើយ កងទ័ពប្រជាជនកូរ៉េ (KPA) នឹងបើកការវាយប្រហារយោធាភ្លាមៗ ប្រសិនបើសត្រូវធ្វើសកម្មភាពបង្កហេតុណាមួយ»។

ទោះបីជាកូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់ខ្លួននៅក្នុងសមុទ្រកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងការបាញ់ផ្លោងដោយកាំភ្លើងធំក៏ដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ថា មិនមានគម្រោងធ្វើដូច្នេះទេ បន្ទាប់ពីព្រឹត្តិការណ៍ដ៏ធំកាលពីថ្ងៃសៅរ៍។

សមយុទ្ធនៅភាគីទាំង២ នៃព្រំដែនកាលពីថ្ងៃសុក្រ បានជំរុញឱ្យមានការព្រមានដល់ប្រជាជននៅកោះព្រំដែនកូរ៉េខាងត្បូង ឱ្យស្វែងរកកន្លែងសុវត្ថិភាព ទោះបីជាមិនមានរបាយការណ៍អំពីគ្រាប់ផ្លោងឆ្លងកាត់ព្រំដែនសមុទ្រក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក គីម បានបដិសេធចំពោះការបាញ់ផ្លោងដោយកាំភ្លើងធំកាលពីថ្ងៃសៅរ៍ ហើយបាននិយាយថា កូរ៉េខាងជើងបានបំផ្ទុះគ្រឿងផ្ទុះជាយុទ្ធសាស្ត្របោកបញ្ឆោត។ យ៉ាងណាម៉ិញ ខាងយោធាកូរ៉េខាងត្បូងបានច្រានចោលសេចក្តីថ្លែងការណ៍របស់លោក Kim ដោយនិយាយថា ជាសង្គ្រាមចិត្តសាស្ត្រកម្រិតទាប ដោយជំរុញឱ្យកូរ៉េខាងជើង បញ្ឈប់សកម្មភាពយោធាដែលបង្កើនភាពតានតឹងនៅជិតព្រំដែនជាបន្ទាន់។

សូមជម្រាបថា កាលពីកន្លងមក មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់បានអំពាវនាវឱ្យបង្កើន ការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ដែលភារកិច្ចដ៏សំខាន់មួយសម្រាប់ត្រៀមលក្ខណៈធ្វើសង្រ្គាម ប្រសិនបើមានការបង្កហេតុណាមួយកើតឡើងមុន៕

ប្រភព៖ CNA

Share.