ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងនិងការណែនាំព្រមគ្នាតែម្តង ជុំវិញការស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រពតាមប្រឡាយ បឹង និងព្រែកធម្មជាតិដែលមានសភាពរាក់ មិនអាចធ្វើជាអាងស្ដុកទឹកបាន ហើយទន្ទឹមគ្នានេះ អាជ្ញាធរក៏ប្រកាសណែនាំដល់កសិកម្ម ត្រូវផ្អាកធ្វើស្រែប្រាំងព្រោះស្ថានភាពទឹកនឹងប្រឈមការខ្វះខាតនារដូវប្រាំងនេះ។

សេចក្តីជូនដំណឹងស្តីពីការជីកស្តារប្រឡាយ បឹង និងព្រែកធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងបានឱ្យដឹងទៀតថា អាជ្ញាធរបានសម្រេចចាប់តាំងពីខែមករា ឆ្នាំ២០២៤នេះតទៅ នឹងចាត់ក្រុមការងារចុះជីកស្តារឡើងវិញនូវតាំងប្រឡាយ បឹង និងព្រែកធម្មជាតិវិញ ឱ្យជ្រៅជាមុន តាមលក្ខណៈបច្ចេកទេស សម្រាប់ធ្វើអាងជាស្ដុកទឹកទុកប្រើប្រាស់ក្នុងវិស័យ កសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាចូលរួមជួយបង្កើនបរិមាណពពួកមច្ឆា និងសត្វរស់នៅក្នុងទឹកឱ្យមានចំនួនច្រើនឡើងវិញផងដែរ។

ទន្ទឹមគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀងក៏ជូនដំណឹងឱ្យកសិករផ្អាកការបង្កបង្កើនផលស្រូវប្រាំងលើកទី២ ឆ្នាំនេះផងដែរ ដ្បិតបើតាមការពិនិត្យប្រភពទឹកដែលមានអាចស្រោចស្រពលើផ្ទៃដីបានត្រឹមតែ ២១.២០៦ហិកតា ប៉ុណ្ណោះ ខណៈកសិករបង្កើនការដាំដុះរហូតដល់ ២៧.២៥១ហិកតា លើសផែនការនៃការប្រើប្រាស់ទឹក ៦.០៤៥ហិកតា។ អាស្រ័យហេតុនេះ បើសិនជាប្រជាកសិករនៅតែដាំដុះស្រូវប្រាំងនោះអាចប្រឈមការខ្វះខាតទឹកស្រោចស្រពជាហេតុនាំឱ្យមានការខាតបង់ថវិកា ដ្បិតប្រភពទឹកដែលមានគឺសម្រាប់ចែករំលែកដល់ការផ្គត់ផ្គង់សម្រាប់សត្វពាហនៈនិងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សូមជម្រាបជូនថា កាលពីសប្តាហ៍មុនរដ្ឋបាលខេត្តពោធិ៍សាត់ក៏បានចេញសេចក្តីជូនដំណឹងស្រដៀងគ្នានេះដែរ ពោលគឺស្នើឱ្យពលរដ្ឋផ្អាកការបង្កបង្កើនផលស្រូវប្រាំងលើកទី២ នៅឆ្នាំនេះ ដ្បិតពុំមានទឹកគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សម្រាប់ការស្រោចស្រព។

រីឯខេត្ដកំពង់ឆ្នាំងវិញក៏ដូចគ្នាដែរ គឺអាជ្ញាធរឱ្យផ្អាកការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តអាចាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់។

ទាក់ទងការប្រកាសឱ្យកសិករផ្អាកធ្វើស្រែប្រាំងលើកទី២នេះ អ្នកនាំពាក្យក្រសួងកសិកម្មធ្លាប់បានលើកឡើងថា ការខ្វះខាតទឹកបង្កបង្កើនផលនារដូវប្រាំងនេះ គឺពុំមែនមានបញ្ហាតែកម្ពុជានោះទេ សូម្បីតែប្រទេសក្បែរខាងកម្ពុជាក៏ប្រទះបញ្ហាខ្វះទឹកនេះដែរ។មួយវិញទៀត បញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ព្រោះកសិករនឹងសម្រុកដាំដុះច្រើន ដ្បិតរដូវមុនៗកសិករបានផលចំណេញច្រើនពីតម្លៃស្រូវដែលធ្វើបាន ទើបនាំឱ្យកសិករគ្រោងបង្កើនការដាំដុះដែលជាហេតុធ្វើឱ្យប្រឈមបញ្ហាខ្វះទឹកនារដូវប្រាំងនេះ៕

Share.