ក្រុមមន្ត្រីបាននិយាយថា ប្រតិបត្តិការហោះហើរនានានៅអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ បានត្រឡប់មកធម្មតាវិញហើយនៅថ្ងៃចន្ទ ទី៨ ខែមករា នេះ បន្ទាប់ពីអាកខានរយៈពេល៦ថ្ងៃ បន្ទាប់ពីការបុកគ្នារវាងយន្ដហោះនៃក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និងយន្តហោះឆ្មាំសមុទ្រធុនតូច ដែលបានសម្លាប់អាកាសយានិក ៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

អ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន ៣៧៩នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះរបស់ក្រុមហ៊ុន Japan Airlines បន្ទាប់ពីហេតុការណ៍បុកផ្ទុះឆេះ កាលពីថ្ងៃទី២ ខែមករា ប៉ុន្តែមនុស្ស ៥នាក់ក្នុងចំណោម ៦នាក់នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្រ ត្រូវបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនោះ។

ផ្លូវរត់របស់យន្ដហោះនៅអាកាសយានដ្ឋាន Haneda ដែលជួបហេតុការណ៍នោះ ត្រូវបានបិទចាប់តាំងពីពេលនោះមក ដោយការលុបចោលជើងហោះហើរក្នុងស្រុករាប់រយជើង នៅឯអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោកមួយនេះ។

អ្នកនាំពាក្យអាកាសយានដ្ឋានតូក្យូ បានប្រាប់ AFP ថា «Runway C បានដំណើរការឡើងវិញនៅថ្ងៃចន្ទ នេះ ដូច្នេះអាកាសយានដ្ឋានបានដំណើរការធម្មតាវិញហើយ»។

ក្រុមការងារអាកាសយានដ្ឋាន បានយកសាកសពយន្ដហោះ ដែលឆេះចេញពីផ្លូវរត់អស់ហើយ ហើយក្រុមអ្នកស៊ើបអង្កេតជប៉ុនរួមជាមួយសមភាគីមកពីប្រទេសបារាំង អង់គ្លេស និងកាណាដា កំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះ។
អ្នកជំនាញនិយាយថា ល្បឿននៃការជម្លៀសអ្នកដំណើរនិងសមាជិកអាកាសយានិក ចេញពីជើងហោះហើរ JAL516 ក្នុងឧបទ្ទវហេតុកាលពីថ្ងៃអង្គារ ទី២ខែមករា គឺជាអព្ភូតហេតុ និងសបញ្ជាក់ឲ្យឃើញច្បាស់អំពីប្រព័ន្ធសង្គ្រោះបន្ទាន់របស់យន្តហោះផងដែរ៕

