ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង ស្តីពី ការផាកពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាម សំណល់រឹង ដែលមានចែងក្នុងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន នៅរាជធានីភ្នំពេញ។

ការកំណត់ទោសបញ្ញត្តិនៃអនុក្រឹត្យនេះ សំដៅលើអំពើល្មើសនានា ក្នុងការញែក ការវេចខ្ចប់ ការទុកដាក់ ការបញ្ចេញសំរាម និងការបង់ប្រាក់ថ្លៃសេវាប្រមូលសំរាមសំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ។

ក្នុងនោះសេចក្តីជូនដំណឹងរបស់សាលារាជធានី បានកំណត់លើក្រុមតម្រូវដែលត្រូវអនុវត្តបញ្ញត្តិនៃអនុក្រឹត្យនេះរួមមាន ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ អគារ ស្នាក់នៅ ភោជនីយដ្ឋាន កន្លែងកំសាន្ត សាលារៀន មន្ទីរពេទ្យ លំនៅដ្ឋានក្នុងបុរី សហគ្រាស រោងចក្រ សិប្បកម្ម អគារក្រសួង ស្ថាប័នរដ្ឋ ត្រូវមានកាតព្វកិច្ចដាក់ធុងសំរាមដោយខ្លួនឯងជាចាំបាច់។

ចំពោះក្រុមតម្រូវដែលមានកំណត់ខាងលើ សាលារាជធានីភ្នំពេញ ធ្វើការតម្រូវលើការទុកដាក់សំរាម និងសំណល់រឹង ដោយមុនបញ្ចេញសំរាមត្រូវសម្រឹតទឹកចេញ ហើយញែកសំរាមជាពីរផ្នែកដាច់ពីគ្នា គឺសំរាមសើមត្រូវដាក់ក្នុងថង់ខ្មៅ និងសំរាមស្ងួតត្រូវដាក់ថង់ពណ៌ស ហើយត្រូវចងមាត់ឱ្យបានជិតត្រឹមត្រូវ និងមិនត្រូវហែកឡើយ។ ​ដោយឡែកសំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានាត្រូវវេចខ្ចប់ឱ្យបានល្អមិនត្រូវលាយឡំជាមួយសំរាមសើមនិងស្ងួតឡើយ។

សម្រាប់ម៉ោងពេលត្រូវបញ្ចេញសំរាមវិញ រដ្ឋបាលរាជធានីភ្នំពេញបានកំណត់យ៉ាងច្បាស់ផងដែរគឺ ខណ្ឌដែលស្ថិតនៅចំកណ្តាលរាជធានី ចំនួន ០៥ រួមមាន៖ ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង គឺត្រូវបញ្ចេញសំរាមនៅម៉ោង៦ ដល់ម៉ោង ៩យប់ ករណីបញ្ចេញសំរាមខុសម៉ោងនេះ នឹងទទួលការផាកពិន័យ។

ដោយឡែក ខណ្ឌស្ថិតនៅជាយរាជធានី ចំនួន ០៩ រួមមាន៖ ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅវិញ សាលារាជធានីបានបែងចែកការប្រមូលសំរាមជា ២ផ្នែក គឺលើផ្លូវជាតិ ត្រូវប្រមូលនិងដឹកជញ្ជូនរៀងរាល់ថ្ងៃ ចន្លោះពីម៉ោង ៦យប់ រហូតដល់ម៉ោង ៩យប់។

រីឯផ្លូវរណបវិញ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ ០២ថ្ងៃម្តង ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយប្រមូលនៅពេលថ្ងៃវេលាម៉ោង ៨ព្រឹក ឬពេលយប់វេលាម៉ោង ៩ អាស្រ័យលើការកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករ ។

សម្រាប់ក្រុមលើកទឹកចិត្តដែលលំបាកក្នុងការញែកសំរាម មានដូចជា វត្តអារាម ព្រះវិហារ អាជីវកម្មលក់ដូរចល័ត ផ្ទះស្នាក់នៅទូទៅ និងផ្សារក្រមួន អាចទុកដាក់សំរាមក្នុងធុងសំរាមខ្លួនឯងស្រាប់ និង ធុងសំរាមដែលផ្តល់ឱ្យដោយប្រតិបត្តិករថ្មី ដែលអាចត្រូវបានរៀបចំដាក់ពង្រាយជាពិសេស នៅតាមតំបន់ផ្ទះល្វែងខ្ពស់ៗ។

តែយ៉ាងណា ទាំងក្រុមតម្រូវ និង ក្រុមលើកទឹកចិត្ត ត្រូវតែទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវទៅតាមទីកន្លែងដែលបានកំណត់ ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករប្រមូលសំរាមតាមការជាក់ស្តែង។ ពិសេស ហាមចោលសំរាម សំណល់រឹង នៅមាត់អណ្តូងលូ ប្រឡាយ តាមទីសាធារណៈ តាមអាងស្តុកទឹក និងហាមដុត សំរាម សំណល់រឹង នៅរាជធានីភ្នំពេញជាកំហិត។

សាលារាជធានីភ្នំពេញបញ្ជាក់ទៀតថា ករណីខកខានមិនបានបញ្ចេញសំរាម សំណល់រឹងតាមម៉ោងពេលកំណត់ គឺម្ចាស់សំរាមត្រូវរង់ចាំបញ្ចេញនៅវេនក្រោយ ហើយមិនត្រូវយកសំរាមនោះមកទុក គ្មានសណ្តាប់ធ្នាប់ឡើយ។

ករណីមិនអនុវត្តតាមសេចក្តីណែនាំ សាលារាជធានីភ្នំពេញនឹងអនុវត្តតាមវិធានការរដ្ឋបាលចាំបាច់ផ្សេងៗទៀត ឬផ្អាកការធ្វើអាជីវកម្មលើអំពើល្មើសនោះ ជាបណ្តោះអាសន្នតាមការចាំបាច់៕

Share.