កំពង់ស្ពឺ ៖ អគ្គិភ័យឆាបឆេះឃ្លាំង និងបន្ទប់ស្នាក់នៅរបស់បុគ្គលិក រងខូចខាតអស់ទ្រព្យសម្បត្តិមួយចំនួន បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅទីតាំង ផ្ទះលក់ទំនិញបោះដុំ សាប៊ូ និងគ្រឿងទេស នៅក្នុងបុរី សុខាផល្លី ភូមិក្រាំងពលទេព សង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ខណៈដែលហាងលក់ដូរ កំពុងបើកដំណើរការធម្មតា ស្រាប់តែមានផ្សែងហុយ ឆេះចេញពីឃ្លាំងស្តុកទំនិញ រាលដល់បន្ទប់ស្នាក់នៅរបស់បុគ្គលិក បង្កឱ្យផ្អើលឆោឡោ ។
ឃ្លាំងដែលរងនូវអគ្គិភ័យឆាបឆេះសង់ពីគ្រោងដែក ប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx៣០ម៉ែត្រ និងបន្ទប់ស្នាក់នៅរបស់បុគ្គលិក ទំហំ៣ម៉ែត្រx៣ម៉ែត្រ ខូចខាតអស់ទ្រព្យសម្បត្តិមួយចំនួនធំ ។

ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង របស់ស្នងការខេត្ត អធិការដ្ឋាន រថយន្តអាវុធហត្ថខេត្ត ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ រហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃដដែល ដោយប្រើរយៈពេលជាង៣ម៉ោងទើបភ្លើងរលត់ទៅវិញ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

