បន្ទាយមានជ័យ៖ កងកម្លាំងចម្រុះជួរមុខ ចំនួន10អង្គភាព ទិសទី1បន្ទាយមានជ័យមាន ទទួលបានការវ៉ាក់សាំងដូសទី3 (ដូសជម្រុញ) Astra Seneca ដើម្បីបង្ការជំងឺខូវីដ-19។
ដំណើរការនៃការចាក់វ៉ាក់សាំងជូនកម្លាំងចម្រុះជួរមុខ ទិសទី1បន្ទាយមានជ័យ នៅថ្ងៃទី10 ខែសីហា ឆ្នាំ2021នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី05 បានអញ្ជើញចុះពិនិត្យការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-19 ដូសទី3។
ការចាក់វ៉ាក់សាំងដូសទី៣នេះ គឺដំណើរការដោយក្រុមរថយន្តចល័តយោធភូមិភាគទី5 រួមជាមួយក្រុមគ្រូពេទ្យ របស់កងពលតូចថ្មើរជើងលេខ51 ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ51 ដែលបានដំណើរការចល័តចាក់ចាប់ពីព្រំប្រទល់ខេត្តឧត្តរមានជ័យ ដល់ព្រំព្រទល់ខេត្តបាត់ដំបង ជាង150គីឡូម៉ែត្រ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថា កងកម្លាំងចម្រុះជួរមុខដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដូសទី3 (ដូសជំរុញ)រួមមានស្ថាប័នកងទ័ពចំនួន ៩អង្កភាព រួមជាមួយនគរបាលការពារព្រំដែនគោក សរុបរួមចំនួន 10អង្គភាព ដែលបានដំណើរការចាក់ចាប់ពីម៉ោង6:30នាទីព្រឹក ដល់ម៉ោង16:00នាទីរសៀល បានបញ្ចប់តាមផែនការថ្នាក់លើ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ យុទ្ធនាការចាក់វ៉ាក់សាំងជូនកងកម្លាំងជួរមុខឲ្យបានលឿនបំផុត ដើម្បីធានាបានសុខសុវត្ថិភាពជូនកងកម្លាំង ដែលកំពុងការបំពេញប្រតិបត្តិការបិទខ្ទប់ជួរមុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់តាំងខែធ្នូ ឆ្នាំ2020 គិតមកដល់ពេលនេះរយះពេលជាង8ខែមកហើយ ដោយកងកម្លាំងទទួលបានការវ៉ាក់សាំងបង្ការជំងឺខូវីដ-19 នោះ មានចំនួន3ដូសរួចមកហើយ៕
អត្ថបទ៖ ប៉ោយប៉ែត
