ភ្នំពេញ៖ របាយការណ៍ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០២៣ បានបញ្ជាក់ថា តម្លៃនៃការចាំចេញស្រូវអង្ករនៅឆ្នាំ២០២៣​ បានកើនឡើងបើធៀបនឹងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មដែលទទួលបានពីអ្នកនាំពាក្យក្រសួងកសិកម្មតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២៤នេះ។

ក្នុងនោះតម្លៃនៃការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៣ មានចំនួនជាង ៥៦៧លានដុល្លារអាមេរិក (៥៦៧ ៧១៩ ៣៩៥) កើនឡើង៣,០៣%បើធៀបនឹងឆ្នាំ២០២២ មានតែ៥៤៤លានដុល្លារអាមេរិក(៥៤៤ ៦៣៨ ៤២០)។ ចំណែក តម្លៃនៃការនាំចេញស្រូវវិញសម្រាប់ឆ្នាំ ២០២៣មានសរុប ៩៣៩លានដុល្លារអាមេរិក(៩៣៩ ៩៦៥ ៦៨២) កើនឡើង ២៤,៤១%បើធៀបនឹងឆ្នាំ ២០២២មានតែ ៧០០លានដុល្លារអាមេរិក(៧០០ ៥១២ ៩៧២)។

តែយ៉ាងណា តម្លៃនៃការនាំចេញកសិផលសរុបឆ្នាំ ២០២៣ មានតែ ៤,៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ១,៩%បើធៀបនឹងឆ្នាំ២០២២ ដែលមានតម្លៃនៃការនាំចេញរហូតដល់ ៤,៩ពាន់លានដុល្លារអាមេរិក។

ងាកមកបរិមាណបញ្ចេញលក់ជ័រកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២៣វិញ មានចំនួន ៣៣៤ ១៧៦តោន កើនឡើងចំនួន ១១ ៥៩០តោន ស្មើនឹង៤% ប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ២០២២។

រីឯការនាំចេញផលនេសាទវិញ៖ ក្នុងនោះផលនេសាទស្រស់នាំចេញមានចំនួន ៣ ៤៤៩តោន ស្មើនឹង៤៩,២៧% នៃផែនការចំនួន ៧ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើងចំនួន ៥៤៧តោន។

ចំណែកផលនេសាទកែច្នៃនាំចេញមានចំនួន ១៨៦តោន ស្មើនឹង១៨,៦៣% នៃផែនការចំនួន ១ ០០០តោន ប្រៀបធៀបឆ្នាំ២០២២ កើនឡើងចំនួន ១៤៥តោន។

ទាក់ទងនឹងការចិញ្ចឹមត្រីវិញអនុវត្តបានចំនួន ៣១៤ ពាន់តោន ស្មើនឹង៨៧,២២% នៃផែនការចំនួន ៣៦០ ពាន់តោន ប្រៀបធៀបឆ្នាំ២០២២ ថយចុះចំនួន ១៦ ៦០០តោន។

ជាចុងបញ្ចប់សេចក្តីសន្និដ្ឋានរបស់ក្រសួងកសិកម្ម បានជំរុញ​ដល់​គ្រប់​អង្គភាព​ជំនាញ​ទាំងអស់ ជាពិសេស​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសា​ទ​រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់​គិតគូរទៅលើ​ការចុះ​អន្តរា​គមន៍​​ទាន់​ពេល​វេលាក្នុង​ការស្ដារ​ការ​ប៉ះពាល់ និង​ខូច​ខាត​ដោយ​គ្រោះ​ធម្មជាតិ ការ​រាត​ត្បា​ត​​ដោយ​សមាសភាព​ចង្រៃ ការ​កើតជំងឺផ្សេងៗលើ​ដំ​ណាំ​កសិកម្ម ជំងឺ​ឆ្លង​សត្វ និង​ការ​ត្រៀម​លក្ខណៈ​​នៅ​ពេល​កសិករ​​ទទួលរង​នូវ​ផល​ប៉ះពាល់​ផ្សេងៗ​​​​ជា​យថា​ហេតុ។

ក្រសួងក៏ជំរុញឱ្យអង្គភាព​ជំនាញ​ត្រូវតែខិតខំបន្តពង្រឹងការអនុវត្តច្បាប់ ការកសាងច្បាប់ និងលិខិតបទ​ដ្ឋានគតិយុត្តផ្សេងៗតាម​​​​​​​​​ការ​ចាំបាច់​យ៉ាងយក​​ចិត្តទុក​ដាក់ផងដែរ។ ដោយក្នុងនោះត្រូវជំរុញឱ្យមន្រ្តីចុះត្រួតពិនិត្យ និងចាត់វិធានការជាក់ស្តែង ដើម្បីលុបបំបាត់បទល្មើស​ ចលនា​សត្វឈឺ​ក្នុងតំបន់ផ្ទុះជំងឺ បទល្មើស​ព្រៃឈើ​ និងបទល្មើសជល​ផ​ល​​​តាមគ្រប់​រូប​ភាព ព្រមទាំងសហការពង្រឹង​យន្តការ​គ្រប់គ្រង ការត្រួត​ពិនិត្យអនាម័យ និង​ភូតគាមអនាម័យដោយគិតគូរជា​ចម្បងទៅលើ​គុណភាព សុវត្ថិភាព និង​សុខុមាលភាព​សាធារណៈ។ ជាមួយគ្នានេះ ក្រសួងបានបន្ត​ជំរុញឱ្យគណៈកម្ម​កា​​រ ​និង​ក្រុមការងារ​ដែលបានរៀបចំ​រួចហើយដើម្បីចូលរួមដោះ​ស្រាយលើ​រាល់​​បញ្ហាប្រឈមទាំង​ឡាយ​ដែល​​​កើត​​ឡើ​​ង​នៅតា​ម​​​​អនុ​វិ​ស័យ​នីមួយៗ៕

Share.