ក្រុមអាជីវករ ក៏ដូចជាកសិករអ្នកដាំតាង៉ែនជាច្រើននាក់កាលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ បាននាំគ្នាយករថយន្តប្រមាណជិត ២០គ្រឿង មកតម្រៀបបិទផ្លូវសុំឲ្យអាជ្ញាធរស្រុក និង អាជ្ញាធរខេត្តបាត់ដំបងជួយអន្តរាគមន៍អនុញ្ញាតឲ្យរថយន្តដឹកផ្លែតាង៉ែនរបស់ពួកគាត់ជាច្រើនតោនបានចូលទៅលក់ក្នុងដីថៃផងព្រោះថៅកែថៃនិងចិនកំពុងរង់ចាំទទួលទិញរបស់ពួក  គាត់។

ក្រុមអ្នកតវ៉ាលើឡើងថា ផ្លែតាង៉ែននេះកន្លងមកពួកគាត់ធ្លាប់នាំចូលយកទៅលក់នៅ ក្នុង ទឹកដីថៃបាន តែនេះស្រាប់តែអាជ្ញាធរមានសមត្ថកិច្ចថៃមិនឲ្យចូលទៅវិញ តើឲ្យពួកគាត់ យកទៅលក់នៅឯណា ខណៈតាង៉ែនមួយចំនួនបានប្រមូលផលរួចហើយ និងមួយចំនួន ទៀតត្រៀមនឹងប្រមូលផលរាប់ម៉ឺនតោនទៀតដល់រដូវត្រូវបេះ តើមានទីផ្សារឯណាដម្បីលក់ កសិករសង្ឃឹមអ្វី។

លោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ថា ការបិទមិនឲ្យផ្លែឈើ តាង៉ែនចូលទៅលក់នៅក្នុងទឹកដីថៃនេះធ្វើឡើងដោយភាគីថៃតែប៉ុណ្ណោះ ដោយសារច្រកទ្វារ អន្តរជាតិដូងមិនមានកិច្ចព្រមព្រៀង និងឯកភាពឲ្យចេញ ចូលបានឡើយ។ លោកថា បច្ចុប្បន្ន ផ្លែឈើខាងលើនេះអាចនាំចូលទៅលក់ប្រទេសថៃបានមានតែច្រកទ្វាអន្តរជាតិព្រំខេត្តប៉ៃលិនតែមួយប៉ុណ្ណោះ។

មកដល់ព្រឹកថ្ងៃទី ១១ ខែសីហាននេះ មិនទាន់មានដំណោះស្រាយសម្រាប់ក្រុមអ្នក នាំចូល ផ្លែតាង៉ែនទៅលក់ក្នុងប្រទេសថៃកាត់តាមច្រកទ្វារដូង ខេត្តបាត់ដំបងនេះនៅឡើយ។ ចំណែកក្រុមការងារកំពុងពន្លឿនការពិភាក្សាស្វែងរកងដំណោះស្រាយសម្រាប់ក្រុមអ្នក  តវ៉ាទាំងនោះ៕

អត្ថបទ៖ដំបងក្រញូង

Share.