ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះដោយយុវជនម្នាក់ ល្បឿនលឿនវ៉ាជែងរថយន្តជ្រុលទៅបុកផ្ទប់ម៉ូតូសណ្តោងរុឺម៉កដឹកប្រេងបើកច្រាសទិស បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមអ្នកគួកជេយកជនរងគ្រោះ ក្នុងរូបភាពដឹកតាមរុឺម៉កម៉ូតូយកចេញឱ្យផុតពីកន្លែងកើតហេតុសិន ហើយបានដឹកតាមរថយន្តរបស់គ្លីនិកឯកជន យកបន្តទៅទៀត តែដោយសារឃើញធ្ងន់ សភាពមិនស្រួល បានដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ជាអកុសល ការបញ្ជូនអ្នករបួសច្រើនដំណាក់កាលពេក ទីបំផុតស្លាប់បាត់ជីវិត មុននឹងទៅដល់មន្ទីរពេទ្យទៅទៀត ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ខាងលិចសួនចំការព្រីង ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A- 3528 ជិះដោយយុវជនម្នាក់ ល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ក៏ជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរុឺម៉កដឹកប្រេង កំពុងបើកពីកើតទៅលិច បណ្តាលឱ្យរងរបួស សន្លប់ស្តូកស្តឹង ។

ក្រោយកើតហេតុភ្លាមៗ ពលរដ្ឋបានហៅរថយន្តសង្គ្រោះ របស់បង្អែកសែនសុខទៅជួយអន្តរាគមន៍ដែរតែមិនទាន់ ត្រូវបានក្រុមអ្នកដើរគួកជេយកជនរងគ្រោះដើរដាក់តាមគ្លីនិក ទៅដល់ ប្រើនូវរូបភាព ដឹកយកជនរងគ្រោះ តាមរយៈរុឺម៉កកង់បី ចេញឱ្យផុតពីកន្លែងកើតហេតុ ហើយសាង លើកដាក់រថយន្តគ្លីនិកឯកជន យកចេញទៅ តែដោយឃើញសភាពរបួសធ្ងន់ធ្ងរ ដឹងថាមិនស្រួលទេ ក៏ដឹកបន្តយកទៅមន្ទីរពេទ្យព្រះកុសុមៈ ជាអកុសល ការបញ្ជូនជនរងគ្រោះទៅសង្គ្រោះអាយុជីវិត ច្រើនដំណាក់កាលពេក គ្មានអ្នកសង្គ្រោះបឋម ធ្វើឱ្យជនរងគ្រោះ ដាច់ខ្យល់ស្លាប់បាត់ មុននឹងទៅដល់មន្ទីរពេទ្យទៀត ។

សពជនរងគ្រោះ នៅក្នុងរថយន្តគ្លីនិកឯកជន នៅក្នុងបរិវេណមន្ទីរពេទ្យព្រះកុសុមៈ រងចាំសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង មុននឹងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តគ្លីនិកឯកជន ដែលលួចដឹក យកជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ មន្ទីរ ក្រសួងសុខាភិបាលនិងចាត់វិធានការ ។ ដោយឡែកម៉ូតូ និងម៉ូតូរុឺម៉ក រួមទាំងអ្នកបើករុឺម៉កផង ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញយកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ៕

Share.